រដ្ឋាភិបាលសម្រេចផ្តល់ថវិកាបន្ថែមចំនួន១០លានដុល្លារ ដើម្បីគាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករ

ដើម្បីគាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករតាមតម្លៃសមស្រប ចៀសវៀងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួននោះ រដ្ឋាភិបាលបានសម្រេចផ្តល់ថវិកាបន្ថែមចំនួន១០លានដុល្លារ លើមូលនិធិសម្រាប់ទិញស្រូវចំនួន ៨៣លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ជន និងកសិកម្មបានឱ្យដឹងថា ដើម្បីជំរុញការប្រមូល ទិញស្រូវ និងជួយរក្សាស្ថិរភាពតម្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ បានគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់ និងបានសម្រេចផ្តល់ថវិកាបន្ថែមចំនួន ១០លានដុល្លារអាមេរិក លើមូលនិធិសម្រាប់ទិញស្រូវចំនួន ៨៣លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់គាំទ្រ ដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករតាមតម្លៃសមស្រប ជៀសវៀងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះ ក៏បានបញ្ជាក់ដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ តម្លៃស្រូវមានការប្រែប្រួលនៅតាមបណ្តារខេត្តផលិតស្រូវមួយចំនួន ពិសេសខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលបណ្តាលមកពីរដូវប្រមូលផលធំ ហើយមានការច្រូតកាត់ព្រមគ្នា ជាហេតុធ្វើឱ្យបរិមាណស្រូវដែលត្រូវលក់មានចំនួនច្រើនក្នុងពេលតែមួយ ធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវពុំអាចប្រមូលទិញស្រូវទាំងអស់នោះបានទាន់ពេលវេលា ដែលនាំឱ្យតម្លៃស្រូវមានការប្រែប្រួលធ្លាក់ចុះ បើធៀបទៅនឹងដើមរដូវ។

ជាមួយគ្នានេះដែរធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានធ្វើការអំពាវនាវឱ្យប្រជាកសិករតាមតំបន់ដែលត្រូវប្រមូលផលស្រូវ សូមដាក់កម្មវិធីច្រូតកាត់ជាមួយរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់របស់ខ្លួន ដើម្បីចៀសវៀងការប្រមូលផលក្នុងពេលតែមួយព្រមគ្នា ដែលអាចបណ្ដាលឱ្យមានការបង្អាប់ថ្លៃស្រូវ៕

ដោយ៖ សំណាង

  

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២