ប្រជាពលរដ្ឋជាង 700 គ្រួសារត្រូវបានជម្លៀសចេញ ដោយសារគ្រោះអគ្គីភ័យឆាបឆេះដ៏សន្ធោសន្ធៅមួយ នៅក្នុងទីក្រុង Mandaue

យ៉ាងហោចណាស់គ្រួសារប្រជាពលរដ្ឋប្រមាណជា 700 គ្រួសារត្រូវបានជម្លៀសចេញពីឧបទ្ទវហេតុភ្លើងឆេះ យ៉ាងសន្ធោសន្ធៅមួយ ដែលបានវាយប្រហារសហគមន៍ឆ្នេរដែលមានប្រជាជនរស់នៅយ៉ាងច្រើននៅក្នុង Sitio Paradise ក្នុង Barangay Looc ទីក្រុង Mandaue នៃប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃអង្គារទី 22 ខែវិច្ឆិកាយប់ម៉ិញនេះ។ អគ្គីភ័យ​​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណជា​២៥០​ខ្នង បណ្តាល​ឱ្យ​ខូចខាត​ជាទ្រព្យសម្បត្តិ​អស់​ជាច្រើនលានដុល្លារ ។


មន្ត្រីពន្លត់អគ្គីភ័យជាន់ខ្ពស់ Danny Zamoras បាននិយាយថា អ្នកពន្លត់អគ្គីភ័យម្នាក់ និងប្រជាពលរដ្ឋពីរនាក់នៅ Sitio Paradise ក៏បានរលាកនៅលើខ្លួនរបស់ពួកគេផងដែរ។ មន្ត្រីពន្លត់អគ្គីភ័យ Freyje Pono ក៏មានការរលាកកម្រិតទីមួយនៅលើស្មារបស់នាង។ អ្នកស្រុក Alejandro Cerina មានការរលាកនៅលើខ្នងរបស់គាត់ ខណៈដែល Reynaldo Devilleres មានការរលាកកម្រិតទីពីរនៅលើដៃរបស់គាត់។


បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង១១ និង៤៦នាទីយប់ ថ្ងៃ​អង្គា​រយប់ម៉ិញនេះ។ វាត្រូវបានគ្រប់គ្រងបាននៅវេលាម៉ោង 2 និង12នាទី ទៀបភ្លឺឈានចូលថ្ងៃពុធទី 23 ខែវិច្ឆិកា មុនពេលវាត្រូវបានពន្លត់បានទាំងស្រុងនៅម៉ោង 2 និង38នាទី។ អភិបាលក្រុង Jonas Cortes បាននិយាយថា ជនរងគ្រោះដោយភ្លើងឆេះឥឡូវនេះត្រូវបានស្នាក់នៅក្នុងតង់ម៉ូឌុលដែលត្រូវបានដំឡើងដោយអាជ្ញាធរ។ ហើយផ្ទះបាយចល័តមួយក៏ត្រូវបានបញ្ជូនទៅកាន់តំបន់នោះផងដែរ ដើម្បីរៀបចំអាហារក្តៅៗសម្រាប់ពួកគេ ខណៈដែលឧបករណ៍សង្គ្រោះ និងកញ្ចប់អាហារក៏ត្រូវបានចែកចាយផងដែរ ៕

ប្រភព៖CDN

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២