ក្មេង​ប្រុស​អាយុ​៦​ឆ្នាំម្នាក់នៅរស់រានមានជីវិត ក្នុង​គំនរ​បាក់បែក​នៃ​គ្រោះ​រញ្ជួយ​ដីដ៏អាក្រក់​នៅប្រទេសឥណ្ឌូនេស៊ី

ក្រុមអ្នកជួយសង្គ្រោះក្នុងប្រទេសឥណ្ឌូនេស៊ីបានទាញក្មេងប្រុសអាយុ 6 ឆ្នាំម្នាក់ចេញពីគំនរបាក់បែកនៃផ្ទះដែលដួលរលំរបស់គាត់នៅទីក្រុង Cianjur បន្ទាប់ពីគាត់បានរួចរស់ជីវិតពីការរញ្ជួយដីដោយសារតែគាត់ត្រូវបានការពារដោយពូក។ ក្មេងប្រុសរូបនេះមានឈ្មោះថា Azka Maulana Malik បានជាប់គាំងអស់រយៈពេលពីរថ្ងៃ ហើយត្រូវបានគេរកឃើញនៅរស់ក្បែរសាកសពជីដូនរបស់គាត់។

វេជ្ជបណ្ឌិតបាននិយាយថា គាត់មិនអីនោះទេ គ្រាន់តែខ្សោយកម្លាំងបន្តិចដោយសារតែគាត់ឃ្លាន។ក្មេងស្រីអាយុ 22 ឆ្នាំម្នាក់បាននិយាយថា ម្តាយរបស់ក្មេងប្រុសនេះត្រូវបានសម្លាប់នៅក្នុងការរញ្ជួយដីកាលពីថ្ងៃច័ន្ទ។


ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីកម្រិត 5.6 រ៉ិចទ័រ នៅភាគខាងលិចនៃកោះ Java ដែលមានប្រជាជនរស់នៅច្រើន មកដល់ពេលនេះមានមនុស្សស្លាប់ចំនួន 271 នាក់ហើយ ប៉ុន្តែអាជ្ញាធររំពឹងថា ចំនួននេះនឹងកើនឡើងទៀត ដោយសារតែតំបន់ដាច់ស្រយាលមួយចំនួនមិនទាន់ទៅដល់ ហើយភ្លៀងធ្លាក់ខ្លាំងបានរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះរបស់អាជ្ញាធរ។ មនុស្សប្រហែល 40 នាក់នៅតែបាត់ខ្លួន និងជាង 2,000 នាក់បានរងរបួស។

វាគឺជាការរញ្ជួយដីដែលមានមនុស្សស្លាប់ច្រើនបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ីចាប់តាំងពីឆ្នាំ 2018 នៅពេលដែលការរញ្ជួយដីកម្រិត 7.5 រិចទ័របានវាយប្រហារនៅតំបន់ទឹករាក់ពីទីក្រុង Palu ក្នុង Sulawesi ដែលបង្កឲ្យមានរលកយក្សស៊ូណាមិ ការបាក់ដី ដែលបានបំផ្លិចបំផ្លាញទីក្រុង និងបានសម្លាប់មនុស្សជាង 4,000 នាក់។

លោក Henri Alfiandi ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ បាននិយាយថា ភ្លៀងធ្លាក់ និងគ្រោះថ្នាក់នៃការរញ្ជួយដី ដែលបង្កឱ្យមានការរអិលបាក់ដីបន្ថែមទៀត នៅតាមជម្រាលភ្នំភក់ បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ។ ការរញ្ជួយដីច្រើនជាង 170 រួមទាំងការរញ្ជួយកម្រិត 3.9 រ៉ិចទ័រ កាលពីរសៀលថ្ងៃពុធ ត្រូវបានកត់ត្រាទុក។

លោក Suharyanto ប្រធានទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិបាននិយាយថា បុគ្គលិកកងទ័ពជាង 12,000 នាក់ត្រូវបានដាក់ពង្រាយកាលពីថ្ងៃពុធ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងស្វែងរក។ ហើយអ្នកនៅរស់រានមានជីវិតជិត 62.000 នាក់ត្រូវបានផ្លាស់ទៅទីជម្រក។

 

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានទៅទស្សនាទីក្រុង Cianjur មួយថ្ងៃបន្ទាប់ពីការរញ្ជួយដី ហើយបានសន្យាថា នឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឡើងវិញ និងផ្តល់ជំនួយរហូតដល់ 50 លានរូពៀ (3,180 ដុល្លារ)ដល់ប្រជាពលរដ្ឋម្នាក់ៗដែលផ្ទះរបស់ពួកគេត្រូវបានខូចខាត។

កាលពីខែធ្នូ ឆ្នាំ ២០០៤ ការរញ្ជួយដីកម្រិត ៩.១ រ៉ិចទ័រ នៅកោះស៊ូម៉ាត្រា ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី បានបង្កឲ្យមានរលកយក្សស៊ូណាមិ បោកបក់ចូលច្រាំងក្នុងប្រទេសចំនួន ១៤ ជុំវិញមហាសមុទ្រឥណ្ឌា ដោយបានសម្លាប់មនុស្ស ២២៦.០០០ នាក់ ដែលច្រើនជាងពាក់កណ្តាលនៃពួកគេនៅក្នុងប្រទេសឥណ្ឌូនេស៊ី៕

ប្រភព៖ Al Jazeera

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២