អ៊ុយក្រែននឹងជួបបញ្ហាប្រឈមកាន់តែខ្លាំង ដោយសារតែការវាយប្រហាររបស់រុស្សីទៅលើបណ្តាញថាមពល នៅខណៈពេលអាកាសធាតុកំពុងចុះត្រជាក់ខ្លាំង

អ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីកំពុងរៀបចំសម្រាប់រលកថ្មីនៃការវាយប្រហារដោយកាំជ្រួចលើបណ្តាញថាមពលរបស់ខ្លួន ដែលបានធ្វើឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងភាពត្រជាក់ និងងងឹត។ ការ​ព្រមាន​នេះ​បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​មក​ពី​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​រួម​ទាំង​ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត​ដែលបាន​ទៅទស្សនកិច្ចនៅ​ទីក្រុង​គៀវ។

អ្នកនាំពាក្យយោធាអ៊ុយក្រែនបាននិយាយថា កប៉ាល់ចម្បាំងរុស្ស៊ីដែលមានសមត្ថភាពបាញ់កាំជ្រួច Cruise ថ្មីៗនេះបានដាក់ពង្រាយទៅកាន់សមុទ្រខ្មៅជាមួយនឹងកាំជ្រួចប្រភេទ Kalibr នៅលើនាវា។ អ្នកនាំពាក្យ Natalia Gumeniuk បាននិយាយទៀតថា “នេះបង្ហាញថា ការរៀបចំកំពុងដំណើរការ។

ជាមួយនឹងសីតុណ្ហភាពធ្លាក់ចុះក្រោមសូន្យ អ៊ុយក្រែនបាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីម្តងហើយម្តងទៀតបានធ្វើឱ្យបណ្តាញថាមពលរបស់អ៊ុយក្រែនធ្លាក់ចុះដល់កម្រិតនៃការដួលរលំ ហើយបានរំខានការផ្គត់ផ្គង់ថាមពល និងទឹកដល់មនុស្សរាប់លាននាក់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ រុស្ស៊ីបានបាញ់មីស៊ីលរាប់សិបគ្រាប់ទៅកាន់គោលដៅនៅទូទាំងប្រទេសអ៊ុយក្រែនកាលពីសប្តាហ៍មុន ហើយមន្ត្រីនៅទីក្រុង Kyiv បាននិយាយកាលពីថ្ងៃចន្ទថា អ្នកស្រុកនៅក្នុង និងជុំវិញរដ្ឋធានីនៅតែទទួលរងការរំខាន។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានព្រមាននៅក្នុងសុន្ទរកថា ទៅកាន់ប្រជាជនអ៊ុយក្រែនកាលពីល្ងាចថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីកំពុងរៀបចំការវាយប្រហារតាមអាកាសថ្មី។ រុស្ស៊ីបានបដិសេធការអះអាងបែបនេះ ហើយបានទទូចថា ខ្លួនគ្រាន់តែផ្តោតទៅលើហេដ្ឋារចនាសម្ព័ន្ធដែលភ្ជាប់ដោយយោធាប៉ុណ្ណោះ ហើយបានស្តីបន្ទោសការដាច់ចរន្តអគ្គិសនី និងផលប៉ះពាល់ស៊ីវិលរបស់ពួកគេទៅលើការបដិសេធរបស់ទីក្រុង Kyiv ក្នុងការចរចាជាមួយទីក្រុងម៉ូស្គូ។

តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Vassily Nebenzia ត្រូវបានគេដកស្រង់សម្តីថា “ការខូចខាតអគារលំនៅដ្ឋាន និងការស្លាប់ជនស៊ីវិលពិតជាកើតឡើងដោយសារតែប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ដែលត្រូវបានដាក់ពង្រាយមិនមែននៅតំបន់ជាយក្រុងរបស់ទីក្រុងនោះទេ ប៉ុន្តែវានៅក្នុងមជ្ឈមណ្ឌល [ទីក្រុង]។

ប្រធានាធិបតីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទថា ការវាយប្រហាររបស់រុស្ស៊ីបានធ្វើឱ្យមនុស្ស 4 នាក់បានស្លាប់នៅក្នុងតំបន់ជួរមុខ មួយថ្ងៃមុននេះ។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី Denys Shmygal បានប្រកាសថា លោកបានទទួលរដ្ឋមន្ត្រីការបរទេសនៃរដ្ឋបាល់ទិកទាំងបី គឺឡាតវី លីទុយអានី អេស្តូនី ក៏ដូចជាប្រទេសហ្វាំងឡង់ ន័រវេស ស៊ុយអែត និងអ៊ីស្លង់។ ដោយលោក​បាន​និយាយ​ថា តំណាង​ប្រទេសទាំងនោះ​បាន​ពិភាក្សា​អំពី​ការ​រឹត​បន្តឹង​ទណ្ឌកម្ម ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ឡើង​វិញ និង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុផងដែរ៕

ប្រភព៖ CGTN

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២