សម្ដេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតចិន អញ្ជើញបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែង ៩៥,២៧គីឡូម៉ែត្រ

ខេត្តកំពង់ស្ពឺ ៖ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងជាង៩៥ គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោបានបញ្ជាក់ថា គម្រោងជួបជាមួយសិស្សនិទ្ទេស A នៅខែកុម្ភៈ ដោយសារតែត្រូវបញ្ជាទិញ Ipad សម្រាប់ចែកជូនសិស្សពូកែដែលជាប់និទ្ទេសA។ សម្តេចតេជោបានលើកទឹកចិត្តឱ្យអភិបាលខេត្តផ្តល់អំណោយលើកទឹកចិត្តដល់សិស្សជាប់និទ្ទេសA។

ជាមួយគ្នានេះ សម្តេចតេជោបានណែនាំដល់សិស្សដែលបានប្រឡង កុំផ្តោតលើនិទ្ទេស គួរតែផ្តោតលើគោលដៅសិក្សាបន្តនៅថ្នាក់បរិញ្ញាបត្រ។ សម្តេចបានថ្លែងថា៖«កាលណាជាប់បាក់ឌុបហើយ យើងនឹងមានឱកាសដើម្បីឈានដល់ការចូលមហាវិទ្យាល័យ។ ឯរឿងនិទ្ទេស គឺជារឿងមួយ មិនប្រាកដទេណា និទ្ទេសA ពេលចូលមហាវិទ្យាល័យពូកែជាងនិទ្ទេស E ទេណា»។

បន្ថែមលើនេះ សម្តេចតេជោបានណែនាំឱ្យសិស្សដែលមិនជាប់បាក់ឌុបឆ្នាំនេះបន្តខិតខំរៀនដើម្បីប្រឡងនៅឆ្នាំក្រោយទៀត ដូចនឹងការតាំងចិត្តរបស់បេក្ខជនវ័យជិត៦០ម្នាក់នៅខេត្តបន្ទាយមានជ័យដែលប្តេជ្ញាខិតខំរៀនសូត្រដើម្បីប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំក្រោយ។ សម្តេចតេជោ បានកោតសរសើរដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានរៀបចំការប្រឡងបាក់ឌុបប្រកបដោយជោគជ័យ។

សូមជម្រាបថា លទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២២ មានសិស្សចំនួន៩០៩៥០នាក់ប្រឡងជាប់ ស្មើនឹង ៧២.៣៣ ភាគរយ ក្នុងនោះមានសិស្សជាប់និទ្ទេសA ចំនួន១០៤៩ នាក់, និទ្ទេស B ចំនួន ៧២៣២នាក់, និទ្ទេស C ចំនួន ១៩០៥៣ នាក់, និទ្ទេស D ចំនួន ៣១១៦៦នាក់, និងនិទ្ទេស E ចំនួន ៣២៤៥០ នាក់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២