សហរដ្ឋអាមេរិកលក់ប្រព័ន្ធប្រឆាំងនឹងរថក្រោះ មានតម្លៃជិត២០០លានដុល្លារ ទៅឲ្យតៃវ៉ាន់

រដ្ឋធានីវ៉ាស៊ីនតោន ៖ ក្រុមមន្រ្ដីជាន់ខ្ពស់សហរដ្ឋអាមេរិក បានអះអាងថា ក្រុងវ៉ាស៊ីនតោន បានប្រញាប់ប្រញាល់ លក់ប្រព័ន្ធប្រឆាំងនឹងរថក្រោះ មានតម្លៃជិត២០០លានដុល្លារ ទៅឲ្យតៃវ៉ាន់។

សារព័ត៌មាន The Gazette បានចេញផ្សាយថា មន្ទីរបញ្ចកោណ បានបញ្ជាក់ថា ក្រសួងការបរទេស សហរដ្ឋអាមេរិក បានយល់ព្រមលក់ប្រព័ន្ធមីស៊ីល ប្រឆាំងនឹងរថក្រោះ Volcano (វ៉ូលកាណូ) ទៅឱ្យកោះតៃវ៉ាន់ នៅក្នុងតម្លៃប្រហែល ១៨០លានដុល្លារ។ ចំណែក ក្រុមហ៊ុន Northrup Grumman (ន័រស្រប់ ហ្គ្រូមម៉ែន) និង ក្រុមហ៊ុនសាជីវកម្ម Oshkosh (អូសកូស) គឺជាអ្នកម៉ៅការដ៏សំខាន់ សម្រាប់ការលក់គ្រឿងសឹកទាំងនេះ។

បើតាមសារព័ត៌មាន Wall Street Journal (WSJ) បានរាយការណ៍ ថា ព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានអនុម័តកញ្ចប់ថវិកា លើវិស័យការពារជាតិ សម្រាប់ឆ្នាំ២០២៣ បានកើនឡើង រហូតដល់៨៥៨ពាន់លានដុល្លារ។ កញ្ចប់ថវិកាទាំងនេះ ក៏មានចែង អំពីគោលនយោបាយការពារជាតិ សម្រាប់តៃវ៉ាន់ ផងដែរ។ សកម្មភាពបែបនេះ ជាការបង្ហាញ អំពីការផ្លាស់ប្តូរដ៏ធំបំផុតមួយ នៅក្នុងកិច្ចគាំទ្ររបស់ក្រុងវ៉ាស៊ីនតោន សម្រាប់វិស័យការពារជាតិរបស់តៃវ៉ាន់ នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។

ការជ្រោមជ្រែងរបស់សហរដ្ឋអាមេរិក ជួយដល់វិស័យការពារជាតិតៃវ៉ាន់ កំពុងតែក្លាយជាអាទិភាពបន្ទាន់មួយ ក្រោយពេលក្រុមមន្រ្ដីមន្ទីរបញ្ចកោណ បានព្រមានថា កងទ័ពរំដោះប្រជាជនចិន កំពុងតែបង្កើនសមត្ថភាពយ៉ាងខ្លាំងក្លា សម្រាប់ជំរុញឲ្យប្រទេសមហាយក្សនៅអាស៊ីមួយនេះ មានលទ្ធភាពវាយប្រហារ ឬ ដណ្ដើមយកកោះតៃវ៉ាន់ មកគ្រប់គ្រងដោយខ្លួនឯងវិញ នៅឆ្នាំ២០២៧។

ក្រុងប៉េកាំង តែងតែអះអាង អំពីដែនអធិបតេយ្យភាពរបស់ខ្លួន នៅលើកោះតៃវ៉ាន់ ហើយក៏មិនដែលបដិសេធ អំពីការប្រើប្រាស់កម្លាំងយោធា ដណ្ដើមកាន់កាប់ដែនកោះ ដែលគ្រប់គ្រងដោយខ្លួនឯង តាមបែបប្រជាធិបតេយ្យ។ ប៉ុន្ដែការវាយប្រហារ ទៅលើកោះតៃវ៉ាន់ អាចនឹងផ្ដល់ការផ្លាស់ប្តូរសន្តិសុខ និងសេដ្ឋកិច្ចដ៏ខ្លាំងក្លា នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយអនុញ្ញាតឱ្យចិន មានវិសាលភាព គ្រប់គ្រងផ្លូវសមុទ្រដ៏សំខាន់ៗ ហើយឈានដល់ការសម្លុតសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និង បង្ខិតបង្ខំឲ្យកងទ័ពរបស់សហរដ្ឋអាមេរិក ចាកចេញពីតំបន់ទាំងនោះថែមទៀតផង។

លោក ម៉ាក ម៉ុងហ្គូមេរី (Mark Montgomery) មន្រ្ដីជាន់ខ្ពស់នៃគ្រឹះស្ថានការពារលទ្ធិប្រជាធិបតេយ្យ(FDD) បានឲ្យដឹងថា កញ្ចប់ជំនួយយោធាចុងក្រោយបំផុតនេះ មានបំណងផ្តល់ឱ្យតៃវ៉ាន់ មានសមត្ថភាពគ្រប់គ្រាន់ ទាន់ពេលវេលា អាចទប់ទល់នឹងការវាយលុក ឬ ឈ្លានពានដ៏ខ្លាំងក្លា ពីកងទ័ពរំដោះប្រជាជនចិន ហើយក៏អនុញ្ញាតឱ្យកងទ័ពសហរដ្ឋអាមេរិក អាចបោះមូលដ្ឋានរបស់ខ្លួនយ៉ាងត្រឹមត្រូវ សម្រាប់ការពារដែនកោះមួយនេះផងដែរ។

លោក ស៊ូ តែងឆាង(Su Tseng-chang)នាយករដ្ឋមន្រ្ដីតៃវ៉ាន់ បានបញ្ជាក់ កាលពីពាក់កណ្ដាលខែតុលា កន្លងទៅថា កញ្ចប់ថវិកាលើវិស័យការពារជាតិរបស់តៃវ៉ាន់ សម្រាប់ឆ្នាំ២០២៣ កើនឡើង រហូតដល់១២,៩ភាគរយ ដែលស្មើនឹងប្រមាណជា ១៣ពាន់លានដុល្លារ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២