ចាំអង្កាល់ទៀត! ឱកាសការងារជិត១ពាន់កន្លែងបានមកដល់ហើយ

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយ សសយក វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកា ការងារប្រចាំខែ ដោយមានក្រុមហ៊ុនធំៗចំនួន ៩ ចូលរួម ដោយនាំមកនូវឱកាសការងារចំនួន ៨៨៤ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ។

ក្រុមហ៊ុនធំៗទាំង៩ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកា ការងាររបស់ NEA នោះរួមមាន៖ ធនាគារមហានគរ, ធនាគារ AEON, ក្រុមហ៊ុន Habit Burger Grill ,ក្រុមហ៊ុន Optimal P, Master Suki soup, ក្រុមហ៊ុន ORKIN, ក្រុមហ៊ុន CHIP MONG, ក្រុមហ៊ុន Mekongnet និងក្រុមហ៊ុន MR Training។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយក ប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសដោយផ្ទាល់ ជាមួយតំណាងក្រុមហ៊ុនទាំងអស់នោះតែម្តង។

លោក ពេជ្រ រដ្ឋា មន្ត្រីផ្នែកធនធានមនុស្សធនាគារ AEON បានលើកឡើងថា លោកពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមសហការជាមួយ NEA នៅថ្ងៃទី១២ ខាងមុខនេះដោយសារតែការរីកចម្រើនរបស់ធនាគារនាពេលបច្ចុប្បន្ន ធនាគារនឹងនាំយកឱកាសការងារជាង១០០កន្លែង និងគ្រប់មុខ តំណែង ជូនដល់សិស្ស និស្សិត និងអ្នកកំពុងស្វែងរក ការងារ ឬមានបំណងចង់ផ្លាស់ប្តូរការងារ។ លោកសង្ឃឹមយ៉ាងមុតមាំថា ការចូលរូមសហការជាមួយនឹង NEA គឺបានរួមចំណែកដ៏សំខាន់ក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការ របស់ស្ថាប័ន។

លោក រដ្ឋា បានបន្ថែមថា ការរីកចម្រើនជាបន្តបន្ទាប់របស់ធនាគារ នឹងធ្វើឲ្យធនាគារកាន់តែមានតម្រូវការកម្លាំងពលកម្មកាន់តែច្រើន ហេតុនេះហើយការបន្តកិច្ចសហការជាមួយ ទីភ្នាក់ងារ ជាតិមុខរបរ និងការងារក៏មិនអាចខ្វះបាននោះដែរ។សម្រាប់ថ្ងៃទី១២ ខាងមុខនេះ សូមបងប្អូនសិស្ស និស្សិត និងជាបុគ្គលិកក្រុមហ៊ុនដែលមានបំណងចង់រកការងារ ឬចង់ផ្លាស់ប្តូរការងារសូមនាំយកនូវប្រវត្តិរូបសង្ខេប (CV) និងរៀបចំខ្លួនឲ្យបានស្អាតដើម្បីចូលរួមក្នុងវេទិកាការងារនេះ។

វេទិកាការងារប្រចាំខែនេះ នឹងត្រូវរៀបចំ ឡើងមួយថ្ងៃពេញ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ នៅមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលស្ថិត នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមបណ្តោយមហាវិថីសងព័ន្ធរុស្សី ក្បែរសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦ ៦៥៥ ៕

 

ដោយ៖ សំណាង

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២