រថយន្ត​ដឹក​កម្មករ កម្មការិនី ៦៥នាក់ ​ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ធ្លាក់ផ្លូវបណ្តាលឱ្យកម្មការិនី៦នាក់ រងរបួសធ្ងន់ ស្រាល

មានករណី​គ្រោះថ្នាក់​ចរាចរណ៍មួយ​ ដែលបង្កឡើង​ដោយរថយន្តដឹកកម្មករ​រោង​ច​ក្រ ម៉ាកហាន់ដាយ​ HYUNDAI ពណ៌ស​ គ្មានស្លាកលេខ​ ដឹកកម្មករ កម្មការិនីចំនួន​ ៦៥ នាក់ (ស្រី​ ៦០នាក់)​បានក្រឡប់នៅលើផ្លូវជាតិលេខ​ ៥១ នៅចន្លោះគីឡូម៉ែត្រលេខ​ ២៦-២៧​ ត្រង់ចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង​ នាវេលាម៉ោង ០៦ និ​ង​ ២០ នាទីព្រឹកថៃ្ង​ទី១០​ ខែមករា​ ឆ្នាំ២០២៣​ បណ្តាលឱ្យកម្មករ កម្មការិនីរបួសធ្ងន់​ ស្រាល​ចំ​នួ​ន ៦នាក់។

បើតាមសមត្ថកិច្ចនគរបាលស្រុកឧដុង្គ ខេត្តកំពង់ស្ពឺបានឱ្យដឹងថា អ្នកបើកបររថយន្តដឹកកម្មករ កម្មការិនី ដែលក្រឡាប់នេះមានឈ្មោះ ស្រួច សិទ្ធ ភេទ​ប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិត្រពាំងកន្សែង ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ បន្ទាប់ពីកើតហេតុ បានគេចខ្លួនបាត់។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ ដែលនាំឱ្យរថយន្តក្រឡាប់ បណ្តាលមកពីអ្នកបើកបរបានបើករថយន្តលឿន វ៉ាជែង គេចរថយន្តមួយគ្រឿងទៀត ដែលបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាមិនប្រុ​ងប្រយ័ត្ន ក៏រេចង្កូតធ្លាក់ផ្លូវបណ្តាលឱ្យរថយន្តក្រឡប់តែម្តង។ហើយអ្នករងគ្រោះត្រូវបានសមត្ថកិច្ចជួយអន្តរាគម ដឹកជញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកភ្លាមៗនោះដែរ៕

ដោយ៖វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២