ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត ឲ្យកងឯកភាពចំណុះកងទ័ពជើងគោកត្រៀមលក្ខណៈអនុវត្តគ្រប់ភារកិច្ច សម្រាប់ឆ្នាំ២០២៣

ភ្នំពេញ៖ឯកឧត្តម ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ជាទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៣នេះ សូមបណ្តាស្ថាប័ន-កងឯកភាពចំណុះកងទ័ពជើងគោកទាំងអស់ បន្តយកចិត្តទុកដាក់ និងត្រៀមលក្ខណៈអនុវត្តគ្រប់ភារកិច្ចទាំងកិច្ចការងារស្នូល និងភារកិច្ចនានាតាមបទបញ្ជារបស់រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ជាអាទិ៍៖ ការត្រៀមបម្រុងកម្លាំង មធ្យោបាយ និងសម្ភារ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ ព្រមទាំងការសហការចូលរួមការពារសន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសខណៈដែលឆ្នាំ២០២៣ នេះ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games 2023 នៅក្នុងខែឧសភា និងមិថុនា ក៏ដូចជាការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងខែកក្កដា ខាងមុខ។

ការបញ្ជាក់នេះ ក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារយោធា-សន្តិសុខ ឆ្នាំ២០២២ និងលើកទិសដៅបន្ត ឆ្នាំ២០២៣ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ។

ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត  បានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងទ័ពជើងគោក ដែលពេញមួយឆ្នាំ២០២២ កន្លងទៅនេះ បានខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទី-ភារកិច្ច ទទួលបានលទ្ធផលល្អប្រសើរ ស្របតាមផែនការដែលបានដាក់ចេញ ក៏ដូចជាការឆ្លើយតបបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពចំពោះស្ថានការណ៍ជាយថាហេតុផ្សេងៗ រួមមាន ការបន្តចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាដើម។

មេបញ្ជាការកងទ័ពជើងគោកបានបញ្ជាក់ថា ស្នាដៃ និងសមិទ្ធផលការងារដែលសម្រេចបានមកនេះ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីឆន្ទៈ មនសិការ និងការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងយោធិនយើង ក្នុងការតស៊ូប្រឹងប្រែងបំពេញតួនាទី-ភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជន ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ នយោបាយការពារជាតិ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយមិនគិតពីការនឿយហត់ និងប្រកបដោយស្មារតីទទួលខុសត្រូវ រួមផ្សំនឹងគំនិតច្នៃប្រឌិតទៅតាមសភាពការណ៍ជាក់ស្តែងចំពោះមុខ៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២