ផ្លែស្វាយស្រស់ និងដំណាប់ស្វាយជិត១៧ម៉ឺនតោនត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២កន្លងមកនេះ

នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ខេត្តណាក៏មានដំណាំស្វាយ ឬចម្ការស្វាយដែរ ប៉ុន្តែដោយសារតម្លៃផ្លែស្វាយបានធ្លាក់ថ្លៃយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យម្ចាស់ចម្ការស្វាយមួយចំនួនបានបោះបង់របរនេះចោល ហើយអ្នកខ្លះទៀតបានកាប់ដើមស្វាយចោលទៅដាំដំណាំអ្វីផ្សេងវិញ ដែលពួកគាត់គិតថា មានទីផ្សារល្អ។ទោះជាយ៉ាងណា នៅក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២២កន្លងទៅនេះ ប្រទេសកម្ពុជាបានធ្វើការនាំចេញផ្លែស្វាយស្រស់ និងដំណាប់ស្វាយទៅកាន់ទីផ្សារអន្តរជាតិបានប្រមាណជិត ១៧ម៉ឺនតោន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

​នៅក្នុងរបាយការណ៍របស់ក្រសួងកសិកម្មដដែលបានបង្ហាញឱ្យដឹងថា ក្នុងរយៈពេល ១១​ ខែ ឆ្នាំ​ ២០២២ គឺគិតចាប់ពី​ខែមករា​​ ដល់ខែវិច្ឆិកា ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំចេញ​ផលិតផល​ពី​ផ្លែស្វាយ​ទៅកាន់ទីផ្សារអន្តរជាតិសរុបចំនួន ១៦៩ ៦៥៨​ តោន មានការធ្លាក់ចុះប្រមាណជា ៣០,២៨​ ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ​ ២០២១ ដែលមាន​ចំនួន ២៤៣ ៣៥៥ តោន​។ សម្រាប់​រយៈ​​ពេល ​១១ ​ខែ ឆ្នាំ​ ២០២២ ការនាំ​ចេញ​ផ្លែស្វាយ​ស្រស់បាន​ចំនួន ១៥២ ៩៩៥ តោន ធ្លាក់ចុះ ៣២,៤៧​ភាគរយ​ពី​ចំនួន ​២២៦ ៥៧៧,៧១​ តោន នា​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ និង​ការនាំ​ចេញ​តំណាប់​ស្វាយ សម្រេចបាន ១៦ ៦៦៣,៥​ តោន​ធ្លាក់​ចុះ ០,៦៨ ​ភាគរយ​ពី​ចំនួន ១៦ ៧៧៧,៨២​ តោន​។​

ទីផ្សារសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជារួមមាន៖ ប្រទេសវៀតណាម ថៃ ចិន កូរ៉េ ហុងកុង និង​អូទ្រីស​។ ចំណែក​ប្រទេសដែលទិញ​ទិញ​តំណាប់​ស្វាយពីកម្ពុជានោះ មានដូចជា៖ ប្រទេសចិន, ថៃ ,ហ្វីលីពីន, វៀតណាម ,ជប៉ុន ,រុស្ស៊ី, អ៊ី​តា​លី ,អង់គ្លេស, កូរ៉េ, អាមេរិក និង​អូស្ត្រាលី។

​ទោះជាយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ចបានមើលឃើញថា ប្រទេសចិនជាទីផ្សារដ៏ធំសម្រាប់ការនាំចេញផលិតផលកសិកផលរបស់កម្ពុជា ហើយនៅពេល​រដ្ឋាភិបាល​ចិនបាន​ប្រកាស​ដក​​ចេញ​នូវ​វិធានការ​រឹត​ត្បឹ​ត​ទាក់​ទង​នឹង​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី ​៨ ខែមករា ឆ្នាំ ២០២៣ទៀតនោះ រំពឹងថា នៅក្នុងឆ្នាំ២០២៣នេះ ការ​នាំចេញ​ផ្លែស្វាយ​ស្រស់ និងផលិតផលកសិកម្មដទៃទៀតទៅកាន់ទីផ្សារប្រទេសចិននឹងមានសន្ទុះកើនឡើង៕

   

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២