តំណាងអយ្យការបានចោទប្រកាន់ជាផ្លូវការ ទៅលើជនត្រូវចោទ ជាមន្ត្រីក្រសួងសង្គមកិច្ចដែលពាក់ព័ន្ធករណីកិបកេងថវិការដ្ឋជិត៤០ម៉ឺនដុល្លារ

ភ្នំពេញ ៖ កម្លាំង ACU បានបញ្ជូនខ្លួន មន្ត្រីក្រសួងសង្គមកិច្ចដែល ពាក់ព័ន្ធ ករណីកិបកេងថវិការដ្ឋជិត៤០ម៉ឺនដុល្លារ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣  ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរ រហូតដល់រសៀលថ្ងៃដដែល តំណាងអយ្យការបានសម្រេចចោទប្រកាន់ជាផ្លូវការហើយ។

លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នេះថា ជនត្រូវចោទ ត្រូវបានចោទប្រកាន់ពីបទ «​ ការកេងយកផលប្រយោជន៍ដោយខុសច្បាប់​ និងបទសម្អាតប្រាក់​»តាមមាត្រា​៥៩៧​ និងមាត្រា​ ៥៩៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​ មាត្រា​ ៣២នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ​ និងមាត្រា​ ៣៨​ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់​ និងហិរញ្ញប្បទានភេរវកម្ម​។

សូមបញ្ជាក់ថា អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា និងជាអ្នកភ្នាក់ងាររបស់ក្រសួងដើម្បីទៅបើកប្រាក់ពីធនាគារ គឺ លោក ឡាយ សំណាង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ចាប់ខ្លួន ពាក់ព័ន្ធនឹងការកិបគេងថវិការដ្ឋជាង ១,៥០០លានរៀល (ជាង៣៨ម៉ឺនដុល្លារ)។

ក្រោយចាប់ខ្លួន ជនសង្ស័យ ឈ្មោះ ឡាយ សំណាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ ក្រៅពីកិបកេងថវិការដ្ឋជាង៣៨លានដុល្លារ ជនសង្ស័យរូបនេះ ក៏ពាក់ព័ន្ធនឹងការកិបគេងប្រាក់របបគោលនយោបាយរបស់រដ្ឋជូនជនពិការក្រីក្រនៅតាមសហគមន៍ចំនួនជិត ៤ពាន់នាក់ និងក៏សង្ស័យជាប់ពាក់ព័ន្ធបទល្មើសសម្អាតប្រាក់ផងដែរ។

បច្ចុប្បន្នជនត្រូវចោទស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរនៅឡើយ៕

ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២