អយ្យការរងអមសាលាដំបូងខេត្តព្រះសីហនុ ជួបគ្រោះថ្នាក់ចរាចរនៅផ្លូវបេតុងលេខ១៤៨ ខណៈភ្លៀងធ្លាក់ខ្លាំង!

ខេត្តព្រះសីហនុ៖យោងតាមរបាយការណ៍របស់សមត្ថកិច្ចនៅល្ងាចថ្ងៃទី១១ ខែមករា​ ឆ្នាំ២០២៣ បានឲ្យដឹងថា កាលពីម៉ោង ៤ និង៣០នាទីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះមានករណីគ្រោះថ្នាក់ចរាចរនៅលើដងផ្លូវលេខ១៤៨ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦-១៧  ស្ថិតក្នុងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុបណ្តាលឲ្យអ្នកបើកបររថយ្តម្នាក់រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ករណីគ្រោះថ្នាក់ចរាចររវាងរថយន្តម៉ាក ATOS ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2Q_3706 បើកបរដោយឈ្មោះលឹម វណ្ណលាភ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាអ្នកលក់ម្ហូបចល័តមានទីលំនៅ ឃុំកុំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ បើកបរក្នុងទិសដៅចេញពីស្រុកស្ទឹងហាវ ទៅខេត្តព្រះសីហនុ លុះមកដល់ចំនុចខាងលើដោយមានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យផ្លូវរអិល ក៏បានទៅបុកជាមួយរថយន្ត០១គ្រឿងទៀតម៉ាក ឡង់គ្រីស៏រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ BC-3654 ទិសដៅពីខេត្តព្រះសីហនុមកស្រុកស្ទឹងហាវ(ទិសដៅបញ្ច្រាស់គ្នា)។ បើកបរដោយព្រះរាជអាជ្ញារង ខេត្តព្រះសីហនុ ឈ្មោះអ៊ីវ ត្រាយ ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិ០២ ឃុំទំនប់រលក។

ករណីគ្រោះថ្នាក់ចរាចរខាងលើនេះបណ្តាលឲ្យ.អ្នកបើកបររថយន្តម៉ាក ATOS ឈ្មោះលឹម វណ្ណលាភ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ។

ក្រោយកើតហេតុ វត្ថុតាង(រថយន្ត)ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីចាត់ការទៅតាមនិតិវិធី ៕

 

ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២