ពូ ​និងក្មួយ​ស្រី​ នាំគ្នាផឹកស្រា​ស​លាយ​ជាមួយ​ភេសជ្ជៈ​ និងក្រូចឆ្មា បណ្ដាលឱ្យ​ពុលស្លា.ប់ទាំងពីរនាក់

ខេត្តបន្ទាយមានជ័យ៖ ពូ និងក្មួយស្រីនាំគ្នា​ផឹកស្រា​ស​លាយ​ជាមួយ​ភេសជ្ជៈ​កូកាកូឡា​ និង​ក្រូចឆ្មា​ បណ្ដាលឲ្យពុលស្លាប់ ក្រោយ​​បញ្ជូនទៅសង្រ្គោះនៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី ។

យោងតាមប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋនៅក្បែរផ្ទះជនរងគ្រោះ​ បានឱ្យដឹងថា​ ជន​រង​គ្រោះ​ទាំង​២​នាក់ ត្រូ​វបាន​គេ​ស្គាល់ឈ្មោះ​ហ៊ាន ប៊ុ​ណ្ណា​​រ៉ាត់ អាយុ​៤៧​ឆ្នាំ​ គឺជា​គ្រូបង្រៀន​សាលា​ឯកជន​មួយ​នៅ​ភូមិ​មិត្តភាព​សង្កាត់​ប៉ោយ​ប៉ែ​ត និង​មាន​ទីលំនៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ​និង​ជន​រង​គ្រោះ​ម្នាក់​ទៀតជាក្មួយស្រី ​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​(ត្រូវ​ជាក្មួយ)។

ប្រភពព័ត៌មាន​បានបន្តថា​ មុនពេលកើតហេតុ​ កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែមក​រា ឆ្នាំ២០២៣​ ជនរង​គ្រោះឈ្មោះ​ហ៊ាន ប៊ុ​ណ្ណា​​រ៉ាត់ ត្រូវជាពូ​បាន​ទៅ​លេង​ក្មួយ​ស្រី​ដល់​ផ្ទះ ហើយ​នាំ​គ្នា​ផឹកស្រា​​ស​ដែល​ក្មួយ​ទិញ​ទុក​យូរហើយ ដោយ​លាយ​ជាមួយ​ភេសជ្ជៈ​កូកាកូឡា​ និង​ក្រូចឆ្មា។ ក្រោយ​ទទួលទាន​ស្រា​​សនេះ​រួចបាន​ប្រហែល​ ​៣​ទៅ​ ​៤​ម៉ោង ស្រាប់តែ​ជន​រង​គ្រោះ​ទាំង​២នាក់​មាន​អាកា​រៈ​មិន​ស្រួលខ្លួន។ ភ្លាម​ៗនោះ​ក្រុម​គ្រួសារ​សាច់ញាតិ​ ក៏​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ជួយ​សង្គ្រោះ​ផងដែរ​។

ពាក់ព័ន្ធករណីនេះដែរ​ លោក​វេជ្ជ​បណ្ឌិត ឪ​ក ទីណា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឱ្យ​ដឹងតាម​ទូរស័ព្ទ​ថា កាលពី​ព្រលប់​ថ្ងៃ​ទី​៩​ ខែមក​រា ឆ្នាំ​២០២៣ ខាង​មន្ទីរពេទ្យ​ពិតជា​បាន​ទទួល​មនុស្ស​ប្រុស​ស្រី​២​នាក់​ ដែល​ជា​ជន​រង​គ្រោះ​ខាងលើ​មែន។ ប៉ុន្តែ​លោក​ថា ដោយសារ​ជន​រង​គ្រោះ​ទាំង​២​នាក់នោះ​ មាន​អាកា​រៈ​ធ្ងន់ធ្ងរ ទើប​លោក​សម្រេច​បញ្ជូន​ទៅសង្គ្រោះនៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ជប៉ុន​មង្គល​បូ​រី​តែម្តង​។ បច្ចុប្បន្ន​ខាង​មន្ទីរ​សុខាភិបាល​ខេត្ត​ បាន​ប្រមូល​វត្ថុ​ពាក់ព័ន្ធ​បញ្ជូន​ទៅ​ក្រសួង ដើម្បី​ត្រួតពិនិត្យ​ផងដែរ​​។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​ លោក​ ឡេ ចន្ទ​សង្វាត បានឱ្យដឹងដែរថា៖​ ករណី​​នេះ​ យើងមិន​ទាន់​ដឹងពី​មូលហេតុ​ពិតប្រាកដ​នៅឡើយ​ទេ ដោយលោកបាន​អះអាង​ថា ពេល​នេះ​ក្រុមការងារ​របស់​មន្ទីរ​នឹង​សមត្ថ​កិ​ច្ចពាក់ព័ន្ធ​កំពុងធ្វើការ​ស្រាវជ្រាវ​នៅឡើយ​។

ចំណែក​ជុំវិញករណីនេះដែរ​ ខាងសមត្ថកិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត​ ក៏​បា​នបដិសេធ​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​ដែរ​ ដោយ​លើក​ហេតុ​ផល​ថា ពេល​នេះ​ជំនាញ​ពាក់ព័ន្ធ​មក​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​និង​ក្រុម​គ្រូពេទ្យ​កំពុងធ្វើការ​នៅឡើយ​។ ​បច្ចុប្បន្ន​សពជន​រង​គ្រោះ​ទាំង​២​នាក់ ត្រូវ​បាន​ក្រុម​គ្រួសា​យកទៅ​ធ្វើ​បុណ្យ​​នៅលំនៅ​ឋាន​រៀង​ៗ​ខ្លួន​៕

ដោយ​៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២