អបអរសាទរ វត្តមានសត្វត្រយងចង្កំកស មានការកើនឡើងនៅក្នុងប្រទេសកម្ពុជា

សត្វត្រយងចង្កំកសគឺជាប្រភេទសត្វស្លាបដ៏កម្របំផុតនៅលើពិភពលោក ហើយមានការប្រឈមនឹងហានិភ័យខ្ពស់នៃការផុតពូជជាសកល ប្រសិនបើកត្តាគំរាមកំហែងនានានៅតែបន្តកើតមាន ក្នុងនោះមានការបរបាញ់ ការដាក់អន្ទាក់ និងការបាត់បង់ទីជម្រក។​ ចំនួនប្រជាសាស្ត្រជាសកលនៃសត្វស្លាបប្រភេទនេះមានចំនួនប្រហែល​១០០០ក្បាលតែប៉ុណ្ណោះ។ ការធ្វើជំរឿននៅទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ២០២២ បានកត់ត្រាចំនួន ៧៩២ក្បាល ដែលស្មើនឹង ៨០%នៃរបាយលើពិភពលោក។​ សត្វត្រយងចង្កំកស (Pseudibis davisoni) ត្រូវបានគេប្រទះឃើញនៅទូទាំងទ្វីបអាស៊ីអាគ្នេយ៍ ប៉ុន្តែសព្វថ្ងៃនេះ គេប្រទះឃើញ ប្រភេទសត្វត្រយងចង្កំកស មានវត្តមាននៅតំបន់ព្រៃរល្បោះភាគខាងជើង និងខាងកើតនៃប្រទេសកម្ពុជា​​ និងចំនួនរបាយផ្សេងទៀតត្រូវបានគេរកឃើញនៅលើកោះ Borneo នៃឧបទ្វីបអាស៊ីខាងត្បូង។ សត្វត្រយងចង្កំកសត្រូវបានគេចាត់ចូលជាប្រភេទរងគ្រោះជិតផុតពូជក្នុងបញ្ជីក្រហម IUCN Red List។

នៅក្នុងឆ្នាំ២០១៩ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ​ និងក្រុមអង្គការអភិរក្ស​ បានរួមគ្នាចាប់ផ្តើម អង្គេតតាមដានចំនួនសត្វត្រយងចង្កំកសនៅក្នុងប្រទេសកម្ពុជា ដោយធ្វើការរាប់ចំនួនសត្វនៅក្នុងរដូវវស្សា។​ ការរាប់នេះត្រូវបានធ្វើឡើងជារៀងរាល់ខែចាប់ពីខែកក្កដា ដល់ខែតុលា ដោយធ្វើការរាប់ចំនួននៅពេលសត្វហើរចូលទ្រនំ នៅពេលល្ងាច និងរាប់ចំនួននៅពេលសត្វហើរចាកចេញពីទ្រនំនៅព្រឹកបន្ទាប់។​ ការធ្វើបែបនេះជាការប៉ាន់ប្រមាណចំនួន និងការបម្រែបម្រួលចំនួនប្រជាសាស្ត្រនៃប្រភេទសត្វនេះ។ ចំនួនខ្ពស់បំផុតត្រូវបានរាប់ក្នុងឆ្នាំ២០១៣ ដែលបានកត់ត្រាសត្វស្លាបប្រភេទនេះចំនួន ៩៧៣​ក្បាល និងមានការកត់ត្រាទាបបំផុតត្រឹមចំនួន៥៣១ក្បាល ក្នុងឆ្នាំ២០១៨ គឺមានការថយចុះប្រមាណ ៤៧%។ នៅកំឡុងពេលនៃការថយចុះនេះ ប្រទេសកម្ពុជាបានទទួលរងនូវការបាត់បង់ព្រៃឈើកម្រិតខ្ពស់ ពិសេសនៅទីតាំងសម្បទានដីសេដ្ឋកិច្ច។​ ការបាត់បង់ទីជម្រកគួបផ្សំនឹងមានការរំខាននៅកន្លែងសំបុកពងកូន និងទ្រនំរកចំណី បានជះឥទ្ឋិពលយ៉ាងខ្លាំងដល់ការធ្លាក់ចុះនៃរបាយសត្វប្រភេទនេះក្នុងប្រទេសកម្ពុជា។​

នៅឆ្នាំ២០២២ ជាឆ្នាំទី៤ ដែលបានបង្ហាញពីចំនួននៃការធ្វើជំរឿងបានកត់ត្រាទិន្ន័យខ្ពស់បន្តបន្ទាប់គ្នា។​ លទ្ឋផលនេះ គឺជាការលើកទឹកចិត្តដែលបានបង្ហាញថា ការអភិរក្សមានភាពល្អប្រសើរឡើង ទោះជានៅតំបន់ខ្លះមានការថយចុះ តែចំនួនសរុបមានការកើនឡើង។​

ចំនួនខ្ពស់បំផុតត្រូវបានកត់ត្រានៅដែនជម្រកសត្វព្រៃសៀមប៉ាង (៣៧៧ក្បាល) និងនៅតំបន់ព្រៃលិចទឹកទន្លេមេគង្គ (៣២៦ក្បាល)។ ការរាប់ចំនួនផ្សេងទៀត ត្រូវបានធ្វើឡើងនៅតំបន់កោះស្រឡាយ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព លំផាត់ ស្រែពក និងភ្នំព្រេច។

ការធ្វើជំរឿនប្រចាំឆ្នាំ ត្រូវបានសម្របសម្រួលដោយក្រុមការងារអភិរក្សសត្វត្រយងកម្ពុជា (CIWG) ដែលបានបង្កើតឡើងដោយ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) អង្គការជីវិតធម្មជាតិនៅកម្ពុជា(NLC) ក្រុមហ៊ុន រ៉ាយហ្ស៊ីងហ្វីនិក(RP) អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF)។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលកម្ពុជា សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ដែលលទ្ធផលពេលនេះបានបង្ហាញពីការកើនឡើងនូវប្រភេទសត្វព្រៃមួយចំនួនក្នុងនោះមានសត្វត្រយងកង្កំកសផងដែរ។ នេះបង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តផែនការសកម្មភាពនានារបស់ក្រសួងបរិស្ថាន និងអង្គការដៃគូ និងបង្ហាញពីភាពប្រសើរឡើងនៃការអភិរក្សធនធានធម្មជាតិនៅកម្ពុជា ការយល់ដឹងរបស់ប្រជាពលរដ្ឋ ការផ្លាស់ប្តូរឥរិយាបថសាធារណជនចំពោះសត្វព្រៃ។ ក្រសួងបរិស្ថាននិងដៃគូទាំងអស់នឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីផ្តល់ជម្រកសុវត្ថិភាពដល់សត្វព្រៃតាមរយៈការអនុវត្តច្បាប់ ការបង្កើត សេដ្ឋកិច្ចមូលដ្ឋាន និងការធ្វើយុទ្ធនាការផ្សេងៗដើម្បីផ្លាស់ប្តូរឥរិយាថសាធារណជន។ ក្រសួងបរិស្ថានបន្តអំពាវនាវដល់ប្រជាពលរដ្ឋបញ្ឈប់ការដាក់អន្ទាក់ ការបរបាញ់ និងការហូបសាច់សត្វព្រៃ និងការជួញដូរសត្វព្រៃ»។

លោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF)ប្រចាំប្រទេសកម្ពុជា បានសាទរចំពោះកំណើននៃចំនួនសត្វត្រយងចង្កំកសក្នុងប្រទេសកម្ពុជា។ លោកថានេះជាលទ្ធផលវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការអភិរក្សប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុតនៅលើពិភពលោក។ សត្វត្រយងចង្កំកសចំនួន ៣២៦ ក្បាល ព្រមទាំងទ្រនំរបស់ពួកវាចំនួន ១៧កន្លែង ត្រូវបានកត់ត្រាថា ឃើញមាននៅដែនជម្រកសត្វព្រៃសំបូរក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ នាខេត្តក្រចេះ ដែលចំនួននេះបានកើនឡើង ២៩% ក្នុងឆ្នាំ២០២២ ធៀបនឹងចំនួន ២៥២ ក្បាល ដែលបានកត់ត្រាក្នុងឆ្នាំ២០២១៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២