គ.ជ.ប បើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពីការប្រកាសផ្សាយប្រតិទិននៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន  ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ  និងស្រុកអូរគ្រៀងសែនជ័យ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពីការប្រកាសផ្សាយប្រតិទិននៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្ដាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ។

ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.បបានមានប្រសាសន៍ថា ថ្ងៃនេះ គ ជ ប បានរៀបចំកិច្ចប្រជុំជាមួយតំណាងភាគីពាក់ព័ន្ធស្ដីអំពីការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង និងស្រុកចំនួន៥ ដែលទើបបង្កើតថ្មី កិច្ចប្រជុំថ្ងៃនេះ ដើម្បីផ្សព្វផ្សាយអំពី៖

 

-ប្រតិទិននៃការបោះឆ្នោតលើកទី១ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀង សែនជ័យនៃខេត្តក្រចេះ ឆ្នាំ២០២៣ ដែលហៅកាត់ថា “ការបោះឆ្នោតឡើងវិញ”។

-ការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ

-ការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ

-ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ

-ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ។

ឯរឧត្តមបានបញ្ជាក់ថា យោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា ក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ការបោះឆ្នោតឡើងវិញ ត្រូវធ្វើក្នុងករណីដូចខាងក្រោម៖

– មានខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបង្កើតថ្មីតាមលក្ខខណ្ឌដែលមានចែងក្នុងមាត្រា ៦ និង មាត្រា ៧ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានក្រុមប្រឹក្សារាជធានី ឬ ខេត្ត ឬ ក្រុង ឬ ស្រុក ឬ ខណ្ឌ ត្រូវរំសាយតាមលក្ខខណ្ឌដូចមានចែងក្នុងមាត្រា ២៤ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ដោយហេតុថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យចំនួន ៤ ដោយបង្កើតក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្តកណ្តាល បង្កើតស្រុកអូរគ្រៀងសែនជ័យ  ខេត្តក្រចេះ និងបំបែកស្រុកឧដុង្គ នៃខេត្តកំពង់ស្ពឺជាពីរ គឺក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ។ អនុលោមតាមមាត្រា ៧៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ គ.ជ.ប ត្រូវរៀបចំការបោះឆ្នោតឡើងវិញ សម្រាប់ជ្រើសរើសក្រុមប្រឹក្សាដែលបង្កើតថ្មីនេះ ត្រូវធ្វើឡើងក្នុងរយៈពេលយ៉ាងយូរ ពីររយសសិប (២៤០) ថ្ងៃ បន្ទាប់ពីការបង្កើតខេត្ត ក្រុង ស្រុក ខណ្ឌ នោះ។ តាមរយៈសេចក្ដីសម្រេចលេខ ០២ ស.ស.ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣. រាជរដ្ឋាភិបាលបានកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាទាំងនេះត្រូវប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៩ ខែមេសា ឆ្នាំ២០២៣។

ផ្អែកលើមូលដ្ឋានទាំងនេះ គ.ជ.ប បានត្រៀមខ្លួន និងបានរៀបចំជាស្រេចនូវផែនការមេ ប្រតិទិនការងារ រួមទាំងបានកសាងឯកសារគតិយុត្តផ្សេងទៀត ដើម្បីធានាឱ្យការរៀបចំ ចាត់ចែង និងគ្រប់គ្រងការងារបោះឆ្នោតឡើងវិញនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ៕

ដោយ៖ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២