កីឡាការិនីម៉េត ម៉ារីយ៉ាន កំពុងផ្តោតខ្លាំង លើការពង្រឹងចំណុចខ្វះខាត ដើម្បីអាចសម្រេចគោលដៅ ឈ្នះមេដាយជូនជាតិ នៅស៊ីហ្គេម

ភ្នំពេញ៖ ជាកីឡាការិនីម្នាក់ ដែលធ្លាប់មានបទពិសោធន៍ទាំងការលេងកីឡាវាយកូនបាល់ ហែលទឹក បាល់ទាត់ និងកីឡាវ៉ូវីណាម ម៉េត ម៉ារីយ៉ាន បាននឹងកំពុងផ្តោតខ្លាំង ទៅលើការពង្រឹងនូវចំណុចខ្វះខាតលើប្រភេទកីឡាសូហ្វតិន្នីស ដើម្បីត្រៀមខ្លួនឱ្យបានល្អបំផុត សម្រាប់ចូលរួមការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូង ក្នុងខែឧសភា ខាងមុខនេះ។

ក្នុងនាមជាកីឡាការិនីជម្រើសជាតិសូហ្វតិន្នីសកម្ពុជា ដែលធ្លាប់ដណ្តើមបានមេដាយសំរឹទ្ធ លើវិញ្ញាសាឯកត្តជន សម្រាប់ការប្រកួតស៊ីហ្គេម ជាលើកដំបូងរបស់ខ្លួន នៅប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៩ ម៉េត ម៉ារីយ៉ាន បានដឹងច្បាស់ពីអ្វីដែលនាងត្រូវធ្វើ ដើម្បីឈានទៅសម្រេចគោលបំណង នៃការដណ្តើមបានមេដាយជូនជាតិម្តងទៀត សម្រាប់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា លើកនេះ។

ជាកីឡាការិនី ដែលធ្លាប់បានចូលលេងកីឡាតាំងពីអាយុ៥ឆ្នាំមកនោះ ម៉េត ម៉ារីយ៉ាន តែងតែសង្កេតមើល និងស្វែងយល់បន្ថែមពីកម្រិតលេង និងសមត្ថភាពរបស់ខ្លួនឯង ទាំងពេលហ្វឹកហាត់ និងពេលប្រកួតកន្លងមក ហេតុនេះ ម៉ារីយ៉ាន បានដឹងច្បាស់ថា ខ្លួននៅស្ទើរត្រង់ចំណុចនៃការទទួលសេវាកាប់ ដែលសេវានេះ វាដាច់ខាតទាមទារឱ្យកីឡាករ ឬកីឡាការិនី ប្រើកម្លាំងខ្លាំងរត់ទៅទទួល និងប្រើល្បឿនរត់ឱ្យបានលឿន ទៅទទួលបាល់គប់ផ្សេងទៀត ក្រោយពេលទទួលសេវានេះរួចហើយ។

ទន្ទឹមនឹងនេះ ម៉េត ម៉ារីយ៉ាន បានតាំងចិត្តថា នឹងខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីពង្រឹងចំណុចខ្វះខាត ដែលខ្លួនមាន ដើម្បីធ្វើឱ្យមានភាពប្រាកដថា ខ្លួនពិតជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដណ្តើមបានមេដាយ។

ម៉ារីយ៉ាន បានបញ្ជាក់ថា៖ «គ្រប់ចំណុចខ្វះខាតទាំងអស់ ខ្ញុំនឹងប្រឹងប្រែងបំពេញឱ្យបានល្អ១០០ភាគរយ មុនពេលស៊ីហ្គេម នៅកម្ពុជាចាប់ផ្ដើម ដើម្បីធានាឱ្យបានថា ខ្ញុំអាចស្វែងរកមេដាយណាមួយជូនជាតិ សម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយនេះ»៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២