ព្រះខ័នរាជស្វាយរៀងបន្តកិច្ចសន្យាជាមួយកីឡាករបរទេស ២ រូប

ភ្នំពេញ៖ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានសម្រេចផ្ដល់កិច្ចសន្យាបន្តជាមួយកីឡាករបរទេស ២ រូប ជាផ្លូវការ បន្ទាប់ពីចំណាយពេល ១ រដូវកាល (២០២២) កន្លងទៅ។កីឡាករ​ទាំងពីរ​រូបនេះ​រួមមាន កីឡាករ​ខ្សែប្រយុទ្ធ​កាណាដា Marcus Haber និង​កីឡាករ​ខ្សែ​ការពារ​ជប៉ុន Takashi Odawara សម្រាប់​រយៈពេល ១ រដូវ​កាល​បន្ថែម​ទៀត ពោល​គឺ​នៅ​រដូវ​កាល​២០២៣/២០២៤ ដែល​គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ខែ​សីហា ខាងមុខនេះ។

ការ​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​កីឡាករ​ទាំងពីរ​រូប​នេះ​ផង​ដែរ ត្រូវ​បាន​ចាត់ទុកថា ​ជា​ឆ្អឹងខ្នង​ដ៏​សំខាន់​សម្រាប់​ក្លិប ដ្បិត​រដូវ​កាល​មុនគេ​បាន​រួម​ចំណែក​ច្រើន បើ​ទោះបី​ជា​នៅ​ចុង​រដូវ​កាល​ហាក់​មាន​បម្រែបម្រួល​មិនសូវ​សមប្រកប​ក៏ដោយ ជាពិសេស​នោះ​ ដោយសារ​ការ​រង​របួស​របស់​កីឡាករ​ខ្សែ​ការពារ​ជប៉ុន Takashi Odawara ដែល​បាន​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ការពារ​។

គិត​មក​ដល់​ពេលនេះ ព្រះខ័ន​រាជ​ស្វាយរៀង បាន​នាំចូល​កីឡាករ​ថ្មី​ចំនួន ៤ រូប​ហើយ ក្នុង​នោះ​រួម​មាន កីឡាករ សេត រ៉ូ​ស៊ី​ប ខ្សែ​ការពារ​ស្លាប​ឆ្វេង ផ្ទេរ​មកពី​ក្លឹប​បឹងកេត​, កីឡាករ​កូនកាត់​ខ្មែរ​-​បារាំង គួច ដា​នី ដែល​ផ្ទេរ​មកពី​ក្លឹប​ណាហ្គា​វើ​លដ៍​, ខ្សែប្រយុទ្ធ ណា​រ៉ុង កក្កដា ផ្ទេរ​មកពី​សមាគម​កីឡា​បាល់ទាត់​កងយោធពលខេមរភូមិន្ទ និង​ម្នាក់ទៀត​អ្នកចាំទី វីរៈ ដា​រ៉ា ដែល​ខ្ចី​ជើង​ពី​ក្លិប​វិសាខា។

ជាមួយគ្នានេះ ​ក៏​មាន​កីឡាករ​ចំនួន ៥ រូប ចាកចេញ​ផងដែរ រួមមាន កីឡាករ ឃាង ម៉េង​ហួរ​, រស់ គង់​សម្រេច​, ត្រាយ វិចិត្រ​, ឡុង ភា​រ៉ាត់ និង Victor Blasco៕

 

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២