គ.ជ.ប ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានប្រគល់ដីដែលលោកគង់ គាំ ប្រគល់ជូនរដ្ឋវិញឲ្យមក គ.ជ.ប

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានសម្រេចប្រគល់ដីដែលលោកគង់ គាំ បានប្រគល់មករដ្ឋវិញឲ្យមក គ.ជ.ប ដើម្បីប្រើប្រាស់ និងជាសម្បត្តិរបស់ គ.ជ.ប ។ បន្ទាប់ពីទទួលបានដីដែលរដ្ឋាភិបាលប្រគល់ជូន គ.ជ.ប នឹងសាងសង់ធ្វើទីស្នាក់ការថ្មី។

លោកទេព នីថា អគ្គលេខាធិការ គ.ជ.ប បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទទួលព័ត៌មានអំពីការសម្រេចរបស់រាជរដ្ឋាភិបាលអំពីការប្រគល់ដីដែលលោកគង់ គាំ ប្រគល់ដីជូនរដ្ឋវិញមកឲ្យ គ.ជ.ប។ ហើយឯកសារផ្លូវការនៃការប្រគល់ដីនេះ គឺគ.ជ.ប នៅមិនទាន់បានទទួលជាផ្លូវការនៅឡើយទេ។ ដូចបានជ្រាបហើយ គ.ជ.ប នឹងរៀបចំអគារថ្មី គឺនៅឆ្ងាយប៉ែកខាងជើងរាជធានីភ្នំពេញ។

អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា “ការសម្រេចរបស់រដ្ឋាភិបាលដែលផ្តល់ដីមកថ្មីនេះ គឺសំខាន់រៀបចំទីស្នាក់ការ គ.ជ.ប ថ្មី  ហើយសូមអរគុណដល់រដ្ឋាភិបាលដែលបានប្រគល់ដីមក គ.ជ.ប ហើយអាចធំជាងកន្លែងចាស់។ ហើយការរៀបចំសាងសង់ គឺនៅពេលដែលបានមកយើងនឹងរៀបចំទៅតាមនីតិវិធី និយាយឲ្យខ្លីគឺយើងធ្វើអគារទីតាំង គ.ជ.ប ថ្មី”។

ចំណែកលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៧ ខែមករានេះថា ទាក់ទងការប្រគល់ដីជូន គ.ជ.ប នៅមិនទាន់បានកំណត់កាលបរិច្ឆេទជាក់លាក់នៅឡើយទេ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន  សែន  នាយករដ្ឋមន្ត្រី  នៃកម្ពុជា បានសម្រេចប្រគល់ដីដែលលោកគង់ គាំ ប្រគល់ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គឺប្រគល់ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីឲ្យ គ.ជ.ប ប្រើប្រាស់ និងជាសម្បត្តិរបស់ គ.ជ.ប វិញ។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

លោក  គង់  គាំ  និងភរិយា  បានស្ម័គ្រចិត្តប្រគល់ដីជូនក្រសួងការបរទេសវិញកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២