សង្ស័យងងុយដេក បុគ្គលិកប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រីម្នាក់​ ធ្លាក់ពីលើរថយន្ត ត្រូវរថយន្តក្រុមហ៊ុនខ្លួនឯងកិ.នស្លា.ប់នៅនឹងកន្លែង

ភ្នំពេញ​ ៖​ បុរសម្នាក់ជាបុគ្គលិកប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រី​ សង្ស័យងងុយដេកបានធ្លាក់ពីលើរថយន្តចូលក្រោមកង់កិនស្លាប់ភ្លាមៗនៅនឹងកន្លែង​។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៦និង៣០នាទីព្រឹក​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នៅតាមផ្លូវលេខ២១៧ ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

​  

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ហឿន សុខហួយ អាយុ២៦ឆ្នាំ មុខរបរ បុគ្គិលិកប្រមូលសំរាមក្រុមហ៊ុនស៉ីនទ្រី(វេនយប់) ទីលំនៅ ភូមិព្រៃទទឹក ឃុំព្រៃទទឹក ស្រុកស៉ីធរកណ្តាល ខេត្តព្រៃវែង (ស្លាប់នៅកន្លែងកើតហេតុ) ។​ ចំណែករថយន្តបង្កម៉ាកHINO ពណ៌ទឹកលឿង គ្មានស្លាកលេខ(របស់ក្រុមហ៊ុនស៊ីនទ្រី) ។

​  

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុ​ ជនរងគ្រោះ​ និងក្រុមការងារ៣នាក់ទៀតបានអង្គុយនៅខាងក្រោយនៃរថយន្តស៊ីនទ្រី ខណៈកំពុងធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧​ ស្រាប់តែជនរងគ្រោះធ្លាក់ពីលើរថយន្តចូលកង់ក្រោយកិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង​ ។ ចំណែកតៃកុង​ ឃើញសភាពបែបនេះ​ ក៏ភ័យចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោល​ ។

​    

បន្ទាប់ពីកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងសហការជាមួយជំនាញចរាចរណ៍យករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​។ ចំណែកសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕​

ដោយ​ ៖​ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២