នារីម្នាក់បើករថយន្តធ្លាក់ប្រឡាយទឹកសំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស

ភ្នំពេញ ៖ នារីម្នាក់បើករថយន្តធ្លាក់ចូលក្នុងប្រឡាយទឹកក្រឡាប់ផ្ងារជើង សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្បែរនឹងរបងរោងចក្រកាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីនារីជាម្ចាស់រថយន្តបានឲ្យដឹងថា មុនពេលកើតហេតុរូបនាងបានបើករថយន្តម៉ាកTOYUTA RUSH ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BD-0240 បើកបរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហេតុ បានបួងចង្កូតបត់ឆ្វេង ឆ្លងចូលទៅផ្លូវ បេតុងមួយខ្សែទៀតក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ ហើយក៏បានជ្រុលចង្កូតធ្លាក់កង់មួយចំហៀង បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងធ្លាក់ចូលទៅក្នុងប្រឡាយទឹក ហើយភ្លាមៗនោះដែរ ក៏បានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជួយយករូបនាងចេញពីក្នុងរថយន្ត រួចបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី ១ ចុះមកដល់រួចពិនិត្យនៅជុំវិញទីតាំងកើតហេតុ មិនមានប៉ះពាល់ទៅលើអ្នកជិតខាង និងមិនប៉ះពាល់លើទ្រពសម្បត្តិរដ្ឋបានឲ្យម្ចាស់រថយន្តស្ទូចយកទៅជួសជុលខ្លួនឯង៕

 

ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២