ឯកអគ្គរាជទូតថ្មីប្រទេសថៃប្រចាំកម្ពុជាសន្យាថា​ នឹងជំរុញទំនាក់ទំនងរដ្ឋសភាកម្ពុជា-ថៃឱ្យកាន់តែរឹងមាំឡើង

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម ឈើតគៀត អាតថាករ (CherdKiat ATTHAKOR) ឯកអគ្គរាជទូតថ្មី នៃព្រះរាជាណាចក្រថៃ ប្រចំាព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភាមានសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍ អបអរសាទរចំពោះ ឯកឧត្តម ឈើតគៀត អាតថាករ ដែលត្រូវបានរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ​ តែងតាំងជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចគូសបញ្ជាក់ថា ព្រះរាជាណាចក្រទំាងពីរ  បានភ្ជាប់ចំណង ការទូតជាមួយគ្នាជាង៧៣ឆ្នំាមកហើយ  ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ ត្រូវបានបន្តពូនជ្រុំដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជាបន្តបន្ទាប់។

សម្តេចអគ្គមហាពញាចក្រី​ ហេង សំរិន បានគូសបញ្ជាក់ថា បេសកកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជា ពិតជាមានសារសំខាន់ខ្លាំងណាស់ ដល់ការបន្តជំរុញ លើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទំាងពីរ ដែលមានស្រាប់ ឱ្យបានកាន់តែល្អប្រសើរថែម មួយកម្រិតទៀត។

ឯកឧត្តម ឈើតគៀត អាតថាករ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលសម្តេចប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យឯកឧត្តម​ ជួបសម្តែងការគួរសមនាឱកាសនេះ។ ឯកឧត្តមបានបញ្ជាក់ថា ឯកឧត្តមពិតជាមានកិត្តិយសយ៉ាងធំធេង ដែលបានមកបំពេញបេសកកកម្មការទូតនៅកម្ពុជា។ ឯកឧត្តមសន្យាថា​ នឹងខិតខំបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ និងរវាងរដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំ ផងដែរ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនឥតឈររបស់កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏សូមអបអរសាទរចំពោះជោគជ័យដែលកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍លើកឡើងថា បច្ចុប្បន្នទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ មានការរីកចម្រើនយ៉ាងខ្លាំងគួរអោយកត់សម្គាល់​ ទំាងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍រួមទំាងវិស័យផ្សេងៗទៀតជាច្រើន។ រាជរដ្ឋាភិបាលទាំងពីរ   បានដាក់ចេញនូវផែនការដើម្បីសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគី ចំនួន១៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៥ ហើយការអនុវត្តជាក់ស្តែងមានកំណើនវិជ្ជមាន។​ ដោយឡែកសម្រាប់រដ្ឋសភា នៃប្រទេសទាំងពីរ កម្ពុជា-ថៃ បានបន្តអនុវត្តជាមួយគ្នាយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍គាំទ្រគ្នាទៅវិញទៅមក  និងកិច្ចសហប្រតិបត្តិការ ទាំងនៅលើវេទិកាអន្តរសភា ក្នុងតំបន់ និងសកលលោក។ ការគាំទ្រគ្នាទៅវិញទៅមក លើវិស័យការទូតសភារបស់រដ្ឋសភាយើងទាំងពីរបាននាំមកនូវប្រសិទ្ធភាពយ៉ាងធំធេង ដល់ការរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់ស្ថាប័ននីតិប្រតិបត្តិប្រទេសទាំងពីរ។

សម្តេចប្រធានរដ្ឋសភា គំាទ្របេសកកម្មការទូតរបស់ឯកឧត្តមឈើតគៀត អាតថាករ និងជួយសម្របសម្រួលធ្វើយ៉ាងណាឱ្យទទួលបានជោគជ័យ៕

 

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២