ទើបតែដឹងថា ប្រទេស​កម្ពុ​ជាមាន​ប្រពៃណីក្នុងការដាំដុះម្រេចយូរបែបនេះ

ប្រទេស​កម្ពុ​ជាមាន​ប្រពៃណី​ជាង ៧០០​ឆ្នាំមកហើយ​ក្នុង​ការដាំដុះ​ម្រេច ដែលជា​អត្ថប្រយោជន៍​ពី​ធម្មជាតិ​មិនអាច​រំលង​បាន​។ ម្រេចខ្មៅ (Piper nigrum) គឺជា​រុក្ខជាតិ​វ​ល្លិ៍ ជា​ទូទៅ​គេ​ស​ម្ងួ​ត​ផ្លែ​វា​ដើម្បី​ប្រើប្រាស់​ជា​គ្រឿងទេស និង​គ្រឿង​បន្ថែម​រសជាតិ​។ គេ​បាន​ប្រើប្រាស់​ម្រេច​តាំងពី​សម័យបុរាណ​សម្រាប់​ឱជារ​សរប​ស់វា និង​ធ្វើជា​ឱសថ ហើយ​គឺជា​គ្រឿងទេស​ ដែល​បានធ្វើ​ពាណិជ្ជកម្ម​ច្រើន​បំផុតនៅ​លើ​ពិភពលោក​។

ប្រទេស​កម្ពុ​ជាមាន​ធាតុអាកាស និង​លក្ខខណ្ឌ​ដី​យ៉ាង​ល្អប្រសើរ​សម្រាប់​ម្រេច ​គេ​បាន​ដាំ​ដុះ​វាតាំងពីដើម​សតវត្ស​ទី​១៣មកម្ល៉េះ ជាពិសេស​នៅ​កំឡុង​សម័យ​អាណានិគម​បារាំង ​ដែល​គេ​បាន​ហៅថា “​ម្រេច​កំពត​” (​ពី​ខេត្តកំពត​) ដោយបាន​បង្កើត​នូវ​កេរ្តិ៍ឈ្មោះ​ល្បី​ពី​រសជាតិ​ពិសេស​របស់​វា​។ ផលិតកម្ម​ជា​អតិ​ផល​ចាប់ផ្តើម​នៅ​ដើម​សតវត្ស​ទី ២០ ដែលមានសក្តានុពល​ខ្ពស់បំផុត​នៃ​ផលិតកម្ម និង​ការនាំចេញ​ម្រេច​អាចមាន​រហូតដល់ទៅ ៨.០០០ តោន ក្នុង​មួយឆ្នាំ​។ ​ទោះជា​យ៉ាងណាក៏ដោយ ការអនុវត្ត​ផលិតកម្ម​ម្រេច​នៅក្នុងប្រទេស​កម្ពុជា​បាន​ដល់​ចំណុច​បញ្ចប់​នៅកំឡុង​របប​ខ្មែរក្រហម​។ ផលិតកម្ម​ម្រេច​ទើបតែ​ចាប់ផ្តើម​បង្កើត​ឲ្យ​មាន​ឡើងវិញ​បន្តិច​ម្តងៗ បន្ទាប់ពី​ទស្សវត្ស​ឆ្នាំ ១៩៩០​។​​នេះបើយោងតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

បច្ចុប្បន្ន វិស័យ​ម្រេច​មាន​សក្តានុពល​សម្រាប់​បង្កើន​ការនាំចេញ និង​តម្លៃបន្ថែម​។ ម្រេច​ជា​ផ្នែក​មួយ​នៃ​វិស័យ “​បន្លែ និង​ផ្លែឈើ​” ដែលជា​វិស័យ​មួយ​ក្នុងចំណោម​វិស័យ​មាន​សក្តានុពល​ទាំង​១៩ ដែល​បានកំណត់​ក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា (​ឆ្នាំ​២០០៧)​។​ ម្រេច​ក៏​ជាផលិតផល​ស្ថិតក្នុង “​ផលិតផល​សំខាន់​ទាំង​ដប់​” ផងដែរ​ ក្នុង​ខេត្ត​ចំនួន​ប្រាំ​រួមមាន៖ ខេត្តកំពង់ចាម កំពត កែប ក្រចេះ និង​ខេត្ត​ព្រះសីហនុ​។

បើយោងតាមតួលេខ ដែលទទួលបានពីសមាគមម្រេចកំពតបានឱ្យដឹងថា ក្នុងរយៈពេល១០ខែ ឆ្នាំ ២០២២កន្លងមកនេះ ការនាំចេញម្រេចកំពតទៅកាន់ទីផ្សារអន្តរជាតិបានបរិមាណប្រមាណជា ៦៥ តោនប៉ុណ្ណោះ។ហើយទីផ្សារនាំចេញម្រេចកំពតធំជាងគេគឺ ការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងទីផ្សារនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីមួយចំនួនដូចជា កូរ៉េខាងត្បូង ជប៉ុន និងកោះតៃវ៉ាន់ជាដើម។ហើយតម្លៃម្រេចកំពត គឺមិនមានការប្រែប្រួលនោះទេ គឺម្រេចខ្មៅនៅតែមានតម្លៃ ១៥ ដុល្លារ ក្នុង១គីឡូក្រាម រីឯម្រេចក្រហមមានតម្លៃ ២៥ ដុល្លារ ក្នុង១គីឡូក្រាម និងម្រេចសវិញ មានតម្លៃ ២៨ ដុល្លារ ក្នុង១គីឡូក្រាម។

បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងរយៈពេល១០ខែឆ្នាំ២០២២ កម្ពុជាសម្រេចបានការនាំចេញម្រេចទូទៅ ទៅកានន់ទីផ្សារអន្តរជាតិ សរុបជារួមបានជាង ៧៧០០តោន ទៅកាន់ទីផ្សារអន្តរជាតិ ថយចុះជាង ៧០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ហើយក្នុងនោះ វៀតណាម គឺជាប្រទេស បញ្ជាទិញម្រេចពីកម្ពុជាច្រើនជាងគេបំផុត៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២