កម្ពុជានឹងមានមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺរហូតដល់ជិត១ម៉ឺនគ្រែ ដែលជាមន្ទីរពេទ្យធំជាងគេនៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ដែលមានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញព្រមទាំងសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះប្រមាណ ១,២០០ នាក់ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ។

បើតាមឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា អគារ«មន្ទីរពេទ្យជាតិតេជោសន្ដិភាព»មានចំនួន១១ អគារដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់(E)មានទំហំ ៧,៤៨០ ម៉ែត្រការ៉េ,អគារព្យាបាលកម្រិតធ្ងន់(H1និង H2)មានគ្រែសរុបចំនួន៥២៧គ្រែ, អគារព្យាបាលកម្រិតស្រាល(H3,H4,H5,H6និងH7)មានគ្រែសរុប៨,៩៦៩ គ្រែ,គ្រែបុគ្គលិកពេទ្យប្រចាំការមានចំនួន៤៦គ្រែ និងគ្រែបុគ្គ លិកស្នាក់នៅចំនួន២០៦ គ្រែ,អគារបច្ចេកទេស(T1),អគារបច្ចេកទេស (T2),អគារផ្គត់ផ្គង់និងព័ត៌មាន(A)មានទំហំ២,៨៣៥ ម៉ែត្រការ៉េ,អគារស្នាក់នៅសម្រាប់បុគ្គលិក (S)មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ចំណតរថយន្តមានផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែលអាចចត រថយន្តបានចំនួន ២១០ គ្រឿង មានសួនច្បារព័ណ៌បៃតងទំហំ ៤,៤៩០ ម៉ែត្រការ៉េ ។

មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC​ .co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ។ មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ។មន្ទីរពេទ្យជាតិដ៏ធំមួយនេះគ្រោងនឹងបញ្ចប់ការសាងសង់រួចជាស្ថាពរ និងដាក់ឲ្យដំណើរការជាផ្លូវការនៅខែមិថុនាឆ្នាំ២០២៣នេះ។

នៅក្នុងឱកាសនៃការអញ្ជើញចុះទៅពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព»នេះ

សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍កោតសរសើររដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ក៏ដូចជាក្រុមហ៊ុនសាងសង់ និង កម្មករ កម្មការិនីទាំងអស់ ដែលបានរួមគ្នាប្រឹងប្រែងសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» ឱ្យសម្រេចបានប្រមាណ ៨០ភាគរយនាពេលនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា ផ្តើមចេញពីបទពិសោធន៍ដ៏ឈឺចាប់នៃជំងឺឆ្លងកូវីដ-១៩ កាលពីឆ្នាំ២០២០ និង២០២១ ទើបជំរុញឱ្យរាជរដ្ឋាភិបាលសម្រេចចិត្តសាងសង់មន្ទីរពេទ្យ «តេជោសន្តិភាព»នេះឡើង។សម្តេចតថា សុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាគោលដៅចម្បងមួយ ក្នុងចំណោមគោលដៅអាទិភាពទាំងឡាយរបស់រាជរដ្ឋាភិបាល។ហើយមន្ទីរពេទ្យជាតិ «តេជោសន្តិភាព»នេះ មានសមត្ថភាពទទួលអ្នកជំងឺបានរហូតដល់ជិត១ម៉ឺននាក់។សម្ដេចក៏បានកោតសរសើរអ្នករចនាប្លង់អគារមន្ទីរពេទ្យជាតិ «តេជោសន្តិភាព» ដោយមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ ដែលផ្ដល់នូវផាសុខភាពសម្រាប់អ្នកជំងឺ។

សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យមន្ទីរពេទ្យជាតិ «តេជោសន្តិភាព» មានអនុប្រធានចំនួន៥រូប និងសម្រេចឱ្យជ្រើសរើសពេទ្យចំនួន២០០នាក់បន្ថែមទៀត សម្រាប់បម្រើការងារនៅមន្ទីរពេទ្យ «តេជោសន្តិភាព»នេះ។

ជាមួយគ្នានោះ សម្តេចតេជោក៏បានអនុញ្ញាតផ្តល់បុគ្គលិកជាប់កិច្ចសន្យាចំនួន៣០០នាក់ សម្រាប់មន្ទីរពេទ្យជាតិនេះផងដែរ។

នៅថ្ងៃនេះ ពាក់ព័ន្ធទៅនឹងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នអំពីគ្រោះថ្នាក់ចរាចរណ៍ រាល់ការធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ ចៀសវាងការគ្រោះថ្នាក់ដោយយថាហេតុណាមួយ៕

   

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២