កម្ពុជាបានលុបចោលពាក្យ Muay និងប្រើពាក្យ «គុនខ្មែរ» ជា ផ្លូវការ នៅស៊ីហ្គេមឆ្នាំ  ២០២៣

ភ្នំពេញ៖ កម្ពុជាបានលុបចោលពាក្យ Muay និងប្រើពាក្យ «គុនខ្មែរ» ជាផ្លូវការ នៅស៊ីហ្គេមឆ្នាំ២០២៣ ក្រោយផ្ទុះការរិះគន់ខ្លាំង និងសុំឲ្យដកពាក្យ Muay ចេញ ដោយសារ Muay គឺជាកម្លាយពាក្យចេញពីកីឡា Muay Thai របស់ថៃ។

យោងតាមឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រាប់ថា ការសម្រេចប្រើពាក្យ គុនខ្មែរ ជាផ្លូវការ នៅស៊ីហ្គេម ឆ្នាំ ២០២៣ នេះ គឺត្រូវបានធ្វើឡើង ទៅតាមឆន្ទៈរបស់កម្ពុជា។ ការប្រើ «Kun Khmer»គឺ សម្រាប់ការប្រកួតកីឡា Muay ក្នុងកីឡាស៊ីហ្គេម នៅប្រទេសកម្ពុជា។

លោកបានបន្ថែមថា ៖«យើងមិនខ្វល់ថា អ្នកណាគិតយ៉ាងម៉េចនោះទេ សំខាន់យើងបានប្រាប់ទៅកាន់បណ្តាប្រទេសជាសមាជិករួចហើយថា យើងប្រើប្រាស់ពាក្យ«គុនខ្មែរ» ក្នុងនាមជាម្ចាស់ផ្ទះ។ ការប្រកាន់ជំហរ ប្រើប្រាស់ពាក្យ គុនខ្មែរ នេះ ដើម្បីកុំឱ្យមានការច្របូកច្របល់ និងមតិយោបល់របស់មហាជនយើង ប្រកាន់រឿងពាក្យ Muay ហ្នឹងទៀត។ វាជាកិត្តិយស ក្នុងនាមយើងជាម្ចាស់ក្បាច់គុន និងជាម្ចាស់ផ្ទះស៊ីហ្គេម ដោយយើងបានប្រឹងប្រែងទាំងអស់គ្នា ដើម្បីសម្រេចក្តីប្រាថ្នា ក្នុងការប្រើប្រាស់ពាក្យ គុនខ្មែរ នៅក្នុងស៊ីហ្គេម»។

សូមជម្រាបថាកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានរៀបចំលក្ខន្តិកៈ និងបទបញ្ជានៃប្រកួតដោយខ្លួនឯង ព្រមទាំងបានត្រៀមមន្រ្តីអាជ្ញាកណ្តាល និងចៅក្រម របស់ខ្លួនរួចរាល់សម្រាប់រៀបចំការប្រកួត៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២