រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបំភ្លឺជូនរដ្ឋសភាលើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ

ភ្នំពេញ៖ ឯកឧត្តម ឈាង វុន ប្រធាគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានប្រជុំពិភាក្សាជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា។

ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះ គឺសមាជិក សមាជិកា រដ្ឋសភា ចង់បានការបំភ្លឺបន្ថែមពីតំណាងរាជរដ្ឋាភិបាលលើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនូវចំណុចមួយចំនួនដែលពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់នេះ ដើម្បីជាមូលដ្ឋានក្នុងការប្រជុំពិភាក្សាឱ្យកាន់តែស៊ីជម្រៅ និងឯកភាពគ្នានាពេលនេះ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈត្រូវបានរៀបចំឡើងដើម្បីកសាងក្របខ័ណ្ឌគតិយុត្តគោល និងចាំបាច់ សម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅកាត់ថា ថវិកាសមិទ្ធកម្មដែលជាម៉ូដែលសមស្របសម្រាប់កម្ពុជា។ ក្នុងគោលបំណងនេះ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចដល់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យដឹកនាំការងាររៀបចំសេចក្តីព្រាងច្បាប់នេះចាប់តាំង ពីឆ្នាំ២០២០ ដែលសេចក្តីព្រាង ច្បាប់នេះគឺជាច្បាប់គោលគ្របដណ្តប់លើការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសម្រាប់ពង្រឹងការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម ដែលជាជំហានដ៏សំខាន់សម្រាប់ពង្រឹងគណនេយ្យភាពសមិទ្ធកម្ម ក្នុងគោលដៅធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជាដែលអាចអនុវត្តក្នុងបរិការណ៍កម្ពុជា ព្រមទាំងស្របតាមទិសដៅនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញ វត្ថុសាធារណៈ និងយុទ្ធសាស្ត្រនៃការកែ ទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ របស់រាជរដ្ឋាភិបាល និងស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ សេចក្តីព្រាងច្បាប់នេះ មាន៩ជំពូក និង១០៩មាត្រា។

ក្រោយពីមានការសាកសួរពីគណៈកម្មការជំនាញនានា និងបកស្រាយពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គប្រជុំបានឯកភាពលើខ្លឹមសាររួមនៃសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដោយ គ្រាន់តែកែសម្រួលអក្ខរាវិរុទ្ធឱ្យត្រឹមត្រូវតាមអត្ថបទច្បាប់។

គណៈកម្មការជំនាញ និងរាយការណ៍ទៅគណៈអចិន្ត្រៃយ៍ ពិនិត្យសម្រេចដាក់ចូលទៅក្នុងរបៀបវារៈកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភានាពេលខាងមុខ ៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២