គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ជំរុញអាជ្ញាធរខេត្ត ត្រៀមរៀបចំពិធីរត់ភ្លើងគប់ស៊ីហ្គេម ជុំវិញបឹងទន្លេសាប

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារដំណើរការរៀបចំពិធីរត់ភ្លើងគប់កីឡាជុំវិញបឹងទន្លេសាប និងបណ្ដាប្រទេសជាសមាជិក នៅក្នុងតំបន់អាស៊ាន ខណៈដែលឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ បានជំរុញអាជ្ញាធរខេត្តពាក់ព័ន្ធទាំងអស់ ត្រូវត្រៀម និងយកចិត្តទុកដាក់ ដើម្បីរៀបចំការងារនេះ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC មានប្រសាសន៍ ក្រោយប្រជុំថា កិច្ចប្រជុំថ្ងៃនេះ បានផ្ដោតសំខាន់លើការងារត្រៀមប្រតិបត្តិ បន្ទាប់ពីផែនការ វិធីសាស្ដ្ររៀបចំ និងគោលការណ៍ផ្សេងៗ ត្រូវបានរៀបចំរួចរាល់។

ឯកឧត្តមពន្យល់ថា៖ «ខេត្ត គាត់ត្រូវរៀបចំធនធានមនុស្ស ដែលត្រូវធ្វើការរៀបចំដង្ហែ និងរត់ភ្លើងគប់។ ការដង្ហែ និងរត់ភ្លើងគប់ នៅខេត្តនីមួយៗ ដែលត្រូវឆ្លងកាត់ជុំវិញបឹងទន្លេសាប ត្រូវមានការចូលរួមរត់ ទាំងថ្នាក់ដឹកនាំខេត្ត និងកីឡាករ កីឡាការិនីឆ្នើម ទាំងពិការ និងមិនពិការជាដើម ព្រោះការចូលរួមរត់ភ្លើងគប់នេះ គឺជានិមិត្តរូប នៃការចូលរួមព្រឹត្តិការណ៍ និងជាកំណត់ត្រាប្រវត្តិសាស្ដ្រមួយរបស់ពួកគាត់។ ក្រៅពីនេះ ពួកគាត់ក៏ត្រូវរៀបចំ និងបំផុសមហាជនមកអបអរសាទរ ក៏ដូចជារៀបចំវេទិកា ដើម្បីទទួលបដិសណ្ឋារកិច្ច ក្នុងការទទួល និងបន្ដរត់ ក៏ដូចជាការរៀបចំកន្លែងរក្សាភ្លើងគប់ឱ្យបានត្រឹមត្រូវផងដែរ»។

សម្រាប់គម្រោងនៃការរត់ភ្លើងគប់ជុំវិញបឹងទន្លេសាបនេះ ត្រូវបានឯឧត្តម វ៉ាត់ ចំរើន ឱ្យដឹងថា នឹងត្រូវចេញដំណើរពីភ្នំពេញ តាមផ្លូវជាតិលេខ៥ ដោយឆ្លងកាត់ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប បាត់ដំបង និងខេត្តបន្ទាយមានជ័យ រួចឆ្លងចូលទៅខេត្តកំពង់ធំ និងបន្តទៅខេត្តកំពង់ចាម ឆ្លងមកខេត្តកណ្តាលវិញ និងចុងក្រោយចូលទៅក្នុងពហុកីឡដ្ឋានជាតិតែម្តង ខណៈការរត់ភ្លើងគប់នេះ គឺមានអត្ថន័យជ្រាលជ្រៅណាស់ ដើម្បីបំភ្លឺ និងបង្ហាញពីសាមគ្គីភាព សន្ដិភាព ទាំងក្នុងប្រទេស និងតំបន់ ជាពិសេសការរត់ជុំវិញបឹងទន្លេសាប ដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជានេះតែម្ដង៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២