ភ្នំពេញ៖ សមាជិកក្រុមជម្រើសជាតិកម្ពុជា លើប្រភេទកីឡាតេក្វាន់ដូ WT កីឡាករ សំ យូដេត បានបង្ហាញពីការត្រៀមចិត្តរួចរាល់ដើម្បីប្រជែងមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើទឹកដីកំណើតរបស់ខ្លន បន្ទាប់ពីទទួលរងការខកចិត្តកាលពីឆ្នាំ២០២១ នៅប្រទេសវៀតណាម។

កាលពីស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ យូដេត បានប្រកួតក្នុងវិញ្ញាសាប្រយុទ្ធ ទម្ងន់ ៥៨គីឡូក្រាម គេបានឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ ដំបូងគេបានយកឈ្នះកីឡាករទីម័រខាងកើត ២២-៩ បន្ទាប់មកយកឈ្នះកីឡាករឡាវ Phouvilay Yommalath ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លទ្ធផល ៥០-២៣ និងបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែបានចាញ់កីឡាករថៃ Thanakrit Yodrak ក្នុងលទ្ធផល ៣៤-៥។
សំ យូដេត បាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំមិនមានការសោកស្តាយខ្លាំងពេកនោះទេ ព្រោះខ្ញុំបានប្រឹងប្រែងអស់លទ្ធភាព ផ្ទុយទៅវិញពេលត្រឡប់មកខ្មែរ ខ្ញុំបានស្វែងយល់ពីកំហុស និងបានគិតថាខ្ញុំនៅខ្វះខាតបច្ចេកទេសដែលត្រូវតែកែតម្រូវ»។
ចាប់តាំងពីស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកមកធ្វើ ឆ្នាំ២០២២) នៅវៀតណាម បានបញ្ចប់ មកទល់ពេលនេះ គឺមានរយៈពេលជាង ៩ខែមកហើយ ចាប់ពីពេលនោះមក យូដេត ក៏មិនបង្អង់ដៃពីការហ្វឹកហាត់ ហើយបានខិតខំប្រឹងប្រែងជាប្រចាំ និងមានអារម្មណ៍ថាខ្លួនរីកចម្រើនជាងមុន។

សំ យូដេត ក៏បានលើកឡើងពីការលំបាកខ្លះៗនៅអំឡុងពេលហ្វឹកហាត់ ដ្បិតពុំសូវមានការប្រកួតអន្តរជាតិ។ យ៉ាងណាមិញ បើមិនមានអ្វីប្រែប្រួល សំ យូដេត បានត្រៀមខ្លួនរួចរាល់ហើយដើម្បីប្រកួត Pre SEA Games នៅខែក្រោយ និងចាត់ទុកជាការប្រកួតមួយដ៏ល្អ ដើម្បីអាចឱ្យស្ទង់មើលពីសមត្ថភាពខ្លួនឯងកាន់តែប្រសើរ មុននឹងស៊ីហ្គេមមកដល់។
សំ យូដេត កើតថ្ងៃទី៣១ ខែមិនា ឆ្នាំ១៩៩៧ នៅខេត្តសៀមរាប។ គេធ្លាប់បានហ្វឹកហាត់កីឡានេះ ពេលនៅវ័យប្រហែល ១២ ទៅ ១៣ឆ្នាំ ប៉ុន្តែក៏បានឈប់មួយរយៈធំ ទើបដល់ពេលពេញវ័យក៏ត្រឡប់មកហាត់ម្តងទៀតជាមួយគ្រូដដែលប្រហែលឆ្នាំ២០១៧។ ហ្វឹកហាត់តែ ១ឆ្នាំ នៅឆ្នាំ២០១៨ យូដេត ក៏បានជាប់ជម្រើសជាតិកម្ពុជា ជាលើកដំបូង។
ក្រោយពីជាប់ជម្រើសជាតិ កីឡាករវ័យ ២៥ឆ្នាំរូបនេះ ធ្លាប់ចូលរួមប្រកួត ASEAN Taekwondo Championship 2019 និងទទួលបានមេដាយសំរឹទ្ធ ហើយនៅឆ្នាំជាមួយគ្នានោះ គេបានចូលរួមការប្រកួតកីឡានគរបាល និងកងកម្លាំងពន្លត់អគ្គិភ័យពិភពលោក (World Police and Fire Games) ដោយទទួលបានមេដាយសំរឹទ្ធដូចគ្នា ខណៈការបង្ហាញខ្លួនលើកដំបូងក្នុងស៊ីហ្គេម នៅឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន គេពុំអាចដណ្ដើមមេដាយបានឡើយ។

ចន្លោះឆ្នាំ២០២០-២០២១ ក្នុងវិបត្តិកូវីដ-១៩ យូដេត ក៏ខកខានចេញទៅប្រកួតនៅព្រឹត្តិការណ៍សំខាន់ៗជាច្រើន លុះចូលដល់ឆ្នាំ២០២២ ដែលស្ថិតក្នុងស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ (លើកមកប្រកួតនៅឆ្នាំ២០២២) នៅប្រទេសវៀតណាម យូដេត ទទួលបានមេដាយប្រាក់ និងចុងក្រោយឈ្នះមេដាយមាស ក្នុងការប្រកួតកីឡានគរបាល និងកងកម្លាំងពន្លត់អគ្គិភ័យពិភពលោក (World Police and Fire Games)៕
ដោយ៖ វិកគី

