រដ្ឋមន្ត្រីការបរទេសចិន៖ ទីក្រុងប៉េកាំង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពីការ​បង្កើន​ភ្លើងសង្គ្រាម នៅអ៊ុយក្រែន

រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang បាននិយាយនៅថ្ងៃអង្គារនេះថា ទីក្រុងប៉េកាំងមាន ការព្រួយបារម្ភយ៉ាងខ្លាំង អំពីជម្លោះដែលអូសបន្លាយមួយឆ្នាំនៅអ៊ុយក្រែន ដែលហាក់ដូចជា កាន់តែខ្លាំងឡើង ហើយថែមទាំងមិនអាចគ្រប់គ្រងបាន។ ទីក្រុងប៉េកាំងបានផ្តួចផ្តើមភាពជាដៃគូ គ្មានដែនកំណត់ ជាមួយទីក្រុងមូស្គូភ្លាមៗមុនពេលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន ហើយបានចៀសវាងការប្រើពាក្យការឈ្លានពាន ឬថ្កោលទោសសកម្មភាពរបស់រុស្ស៊ីនៅក្នុងប្រទេសអឺរ៉ុបខាងកើត។

សហរដ្ឋអាមេរិកបានព្រមានអំពីផលវិបាក ប្រសិនបើចិនផ្តល់ការគាំទ្រផ្នែកយោធាដល់រុស្ស៊ី ដែលទីក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនមិនបានធ្វើ។ លោក Qin បាននិយាយនៅអំឡុងពេលសុន្ទរកថានៅឯវេទិកា Lanting Forum ស្តីពីសន្តិសុខពិភពលោកនៅទីក្រុងប៉េកាំងថា យើងជំរុញឱ្យប្រទេសមួយចំនួនបញ្ឈប់ជាបន្ទាន់នូវការផ្តល់ជំនួយដើម្បីបញ្ឆេះភ្លើងសង្គ្រាម ដោយលោកសង្កត់ធ្ងន់ថា​ ប្រទេសចិននឹងធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីលើកកម្ពស់ការសន្ទនា និងការពិគ្រោះយោបល់ ដោះស្រាយកង្វល់របស់ភាគីទាំងអស់ និងស្វែងរកសន្តិសុខរួម”។ Qin កំពុងនិយាយខណៈដែលអ្នកការទូតកំពូលលោក Wang Yi ត្រូវបានគេរំពឹងថា នៅទីក្រុងមូស្គូសម្រាប់ការពិភាក្សាដែលអាចកើតមានជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលជាកន្លែងដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា សង្រ្គាមរុស្ស៊ី – អ៊ុយក្រែននឹងមានរបៀបវារៈខ្ពស់។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ហុងគ្រី​កាលពី​ថ្ងៃ​ច័ន្ទ លោក Wang បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចរចា​ដោះស្រាយ​ជម្លោះ។ ដោយលោកបាននិយាយថា “យើងចង់បានដំណោះស្រាយនយោបាយមួយ ដើម្បីផ្តល់នូវក្របខ័ណ្ឌសន្តិភាព និងនិរន្តរភាពដល់អឺរ៉ុប” ដោយបន្ថែមថា ពិភពលោកត្រូវបានបង្កឡើងដោយភាពអសន្តិសុខ និងសង្គ្រាម ហើយ ប្រទេសដែលស្រឡាញ់សន្តិភាពគួរតែនាំឱ្យអរិភាពនាពេលបច្ចុប្បន្ននេះបញ្ឈប់ភ្លាមៗ។

វេទិកានៅទីក្រុងប៉េកាំងក៏បានឃើញការចេញផ្សាយជាផ្លូវការនៃគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលជាក្របខ័ណ្ឌសន្តិសុខដ៏លេចធ្លោរបស់ប្រធានាធិបតី Xi Jinping ។

ឯកសារដែលមាន 12 ទំព័របានសង្កត់ធ្ងន់លើតម្រូវការសម្រាប់អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់ដែលត្រូវបានគោរព ហើយសម្រាប់គោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិត្រូវតម្កល់ទុក។ វាក៏រួមបញ្ចូលផងដែរនូវគំនិតនៃសន្តិសុខដែលមិនអាចបំបែកបាន ដែលជាគំនិតដែលគាំទ្រដោយប្រទេសរុស្ស៊ីផងដែរ៕

ប្រភព៖ Al Jazeera

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២