Meta បើកឱ្យដំណើរការប្រព័ន្ធផ្ទៀងផ្ទាត់បង់ប្រាក់សម្រាប់ Facebook និង Instagram តម្លៃ 11.99ដុល្លារក្នុងមួយខែ ដោយទទួលបានសញ្ញាធីកពណ៌ខៀវ ភ្ជាប់ជាមួយការគាំពារមិនឱ្យគេលួចយកអាខោនបាន !

Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងចាប់ផ្តើមដាក់ឱ្យដំណើរការកម្មវិធីជាវបង់ប្រាក់ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ និងអាជីវកម្មអាចផ្ទៀងផ្ទាត់គណនីរបស់ពួកគេជាមួយនឹងសញ្ញាពណ៌ខៀវ(ធីក)។ នៅក្នុងការបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម Facebook នាយកប្រតិបត្តិ Mark Zuckerberg បាននិយាយថា ប្រព័ន្ធផ្ទៀងផ្ទាត់ថ្មីដែលមានឈ្មោះថា “Meta Verified” នឹងត្រូវចំណាយអស់ 11.99ដុល្លារក្នុងមួយខែ នៅលើគេហទំព័រ ឬ 14.99ដុល្លារ ក្នុងមួយខែសម្រាប់អ្នកប្រើប្រាស់ iPhone ។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោក Elon Musk ដែលជាមហាសេដ្ឋី Tesla ស្ថាបនិក និងជាម្ចាស់ក្រុមហ៊ុន Twitter បានបង្កើតប្រព័ន្ធផ្ទៀងផ្ទាត់បង់ប្រាក់ដែលត្រូវបានគេស្គាល់ថា Twitter Blue បន្ទាប់ពីបានចូលកាន់កាប់ក្រុមហ៊ុនកាលពីឆ្នាំមុន។ Twitter ក៏បានប្រកាសកាលពីថ្ងៃសុក្រថា អ្នកប្រើប្រាស់ដែលមិនជាវ Twitter Blue នឹងឆាប់ត្រូវបោះបង់ការប្រើប្រាស់សារ ជាវិធីសាស្ត្រផ្ទៀងផ្ទាត់ពីរកត្តា ដើម្បីធានាគណនីរបស់ពួកគេ ហើយជំនួសមកវិញត្រូវប្រើវិធីសាស្ត្រផ្ទៀងផ្ទាត់ផ្សេងទៀត។

យោងតាម ​​Zuckerberg សេវាកម្មជាវនឹងបង្កើនភាពត្រឹមត្រូវ និងសុវត្ថិភាពនៅទូទាំងសេវាកម្មរបស់ Meta ដោយផ្ទៀងផ្ទាត់គណនីអ្នកប្រើប្រាស់ជាមួយនឹងលេខសម្គាល់រដ្ឋាភិបាល។ លោកបាននិយាយថា នេះនឹងបង្កើតការការពារបន្ថែមប្រឆាំងនឹងអ្នកក្លែងបន្លំ ហើយអតិថិជននឹងមានសិទ្ធិចូលប្រើដោយផ្ទាល់ទៅកាន់ជំនួយអតិថិជន។ ផលិតផល​ថ្មី​នេះ​នឹង​មាន​លក់​ក្នុង​ប្រទេស​អូស្ត្រាលី និង​នូវែលសេឡង់​ចាប់ពី​សប្តាហ៍​នេះ​តទៅ៕

ប្រភព៖ CBS

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២