រយៈពេលមួយ​ឆ្នាំ​នៃ​សង្គ្រាមនៅអ៊ុយក្រែន  សហរដ្ឋអាមេរិក​បាន​ផ្តល់​យុទ្ធោបករណ៍ដល់​អ៊ុយក្រែន​​មាន​តម្លៃជាង ៣០ ពាន់​លាន​ដុល្លារ

សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាជិត 30 ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងប្រទេសជិតខាងលោកខាងលិចកាលពីមួយឆ្នាំមុន។ នេះបើយោងតាមទិន្នន័យដែលត្រូវបានពិនិត្យដោយ Anadolu ។ គ្រឿងបរិក្ខារចុងក្រោយបង្អស់ដែលត្រូវបានប្រកាសដោយប្រធានាធិបតី Joe Biden នៅអំឡុងពេលដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុង Kyiv កាលពីថ្ងៃច័ន្ទមានតម្លៃជិតកន្លះពាន់លានដុល្លារ ហើយត្រូវបានផ្តល់ជូនសម្រាប់ឧបករណ៍ជាច្រើនរួមមានគ្រាប់កាំភ្លើងធំ រ៉ាដា មីនប្រឆាំងមនុស្ស និងប្រឆាំងរថក្រោះ។

ជំនួយសរុបរបស់សហរដ្ឋអាមេរិកចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមមកដល់ពេលនេះមានចំនួន 29.8 ពាន់លានដុល្លារ​ ជាមួយនឹង30.4 ពាន់លានដុល្លារដែលត្រូវបានផ្តល់ចាប់តាំងពីលោក Biden ចូលកាន់តំណែងនៅក្នុងខែមករាឆ្នាំ 2021នោះមក ។ វិសាលភាពនៃសព្វាវុធរបស់សហរដ្ឋអាមេរិកដែលបានផ្គត់ផ្គង់ដល់អ៊ុយក្រែនបានកើនឡើងជាលំដាប់ក្នុងអំឡុងពេលនៃជម្លោះ ដើម្បីបំពេញតាមតម្រូវការរបស់ទីក្រុង Kyiv ។ ប្រភេទនៃគ្រឿងបរិក្ខារដែលបានផ្គត់ផ្គង់ដល់កងកម្លាំងអ៊ុយក្រែននាពេលនេះ រួមមានប្រព័ន្ធប្រឆាំងអាកាស និងកាំភ្លើងធំរយៈចម្ងាយដ៏ទំនើប ក៏ដូចជារថក្រោះប្រយុទ្ធដែលស្វែងរកដោយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ។


សរុបយុទ្ធោបករណ៍ ដែលសហរដ្ឋអាមេរិកបានផ្តល់ទៅឱ្យអ៊ុយក្រែនក្នុងរយៈពេលមួយឆ្នាំនេះរួមមាន៖ ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ (HIMARS) ចំនួន ៣៨ គ្រឿង, ប្រព័ន្ធការពារដែនអាកាស Patriot មួយ, ប្រព័ន្ធការពារអាកាស HAWK ចំនួនពីរ និងយុទ្ធោបករណ៍ការពារអាកាស Avenger ចំនួន ១២ ,រថក្រោះប្រយុទ្ធថ្មើរជើង Bradley 109 គ្រឿង, រថក្រោះ T-72B 45 គ្រឿង និងរថពាសដែកជាង 640 គ្រឿង និងរថក្រោះ Abrams 31 គ្រឿងផងដែរ។

ជាមួយគ្នានេះ សហរដ្ឋអាមេរិក​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ហ្វឹកហ្វឺន​កង​កម្លាំង​អ៊ុយក្រែន​ដើម្បី​ដាក់​ពង្រាយ​ និង​រក្សា​រថក្រោះនៅ​សមរភូមិ​ចម្បង​របស់​ខ្លួន។ សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា “ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានផ្តល់ការគាំទ្រយ៉ាងសំខាន់ដល់ប្រជាជនអ៊ុយក្រែន ដោយធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលអ៊ុយក្រែនដើម្បីទទួលបានអ្វីដែលពួកគេត្រូវការ” ។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានផ្គត់ផ្គង់ដល់អ៊ុយក្រែននូវប្រព័ន្ធប្រឆាំងយន្តហោះ Stinger ជាង 1,600 គ្រឿង, ប្រព័ន្ធប្រឆាំងរថពាសដែក Javelin ជាង 8,500 គ្រឿង, អាវុធប្រឆាំងពាសដែកបន្ថែមជិត 55,000 គ្រឿង,យន្តហោះគ្មានមនុស្សបើកផលិតក្នុងផ្ទះ Switchblade ជាង 700 គ្រឿង ,កាំភ្លើងធំ155mm​ចំនួន ១៦០ដើម ។ហើយដើម្បីពង្រឹងការការពារឆ្នេររបស់អ៊ុយក្រែនក្នុងដំណាក់កាលដំបូងនៃជម្លោះ សហរដ្ឋអាមេរិកបានផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលប្រឆាំងនាវា Harpoon ចំនួនពីរគ្រឿ។ គ្រាប់រំសេវជាង 100 លានគ្រាប់ត្រូវបានបញ្ជូនទៅទីក្រុង Kyiv សម្រាប់អ្វីៗគ្រប់យ៉ាងចាប់ពីអាវុធធុនតូច រហូតដល់ប្រព័ន្ធរ៉ុក្កែត កាំភ្លើងធំ និងគ្រាប់កាំភ្លើងត្បាល់ជាដើម៕

ប្រភព៖  A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២