អារ៉ាប៊ីសាអូឌីតដាក់ប្រាក់ចំនួន ១ពាន់លានដុល្លារនៅក្នុងធនាគារកណ្តាល Aden របស់ប្រទេសយេម៉ែន

ទីភ្នាក់ងារសារព័ត៌មាន SPA គ្រប់គ្រងដោយរដ្ឋបានរាយការណ៍ថា អារ៉ាប៊ីសាអូឌីតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីដាក់ប្រាក់ចំនួន 1 ពាន់លានដុល្លារនៅក្នុងធនាគារកណ្តាលដែលមានមូលដ្ឋាននៅទីក្រុង Aden របស់ប្រទេសយេម៉ែន ដែលជាវិធានការមួយក្នុងគោលបំណងជំរុញសេដ្ឋកិច្ចរបស់ប្រទេសដែលហែកហួរដោយសង្រ្គាម។ សេចក្តីប្រកាសកាលពីថ្ងៃអង្គារ បានកើតឡើងនៅពេលដែលរដ្ឋបាលដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត តស៊ូជាមួយនឹងរូបិយប័ណ្ណខ្សោយ និងតម្លៃប្រេងឥន្ធនៈ និងទំនិញខ្ពស់ បន្ទាប់ពីសង្រ្គាមជិត 9 ឆ្នាំ។


ទីក្រុងរីយ៉ាដបានធ្វើអន្តរាគមន៍ផ្នែកយោធានៅក្នុងខែមីនា ឆ្នាំ 2015 ប៉ុន្មានខែបន្ទាប់ពីរដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិត្រូវបានផ្ដួលរំលំដោយពួកឧទ្ទាម Houthi ដែលគ្រប់គ្រងរដ្ឋធានីសាណា និងតំបន់ដ៏ធំនៃភាគខាងជើងរបស់ប្រទេស។ វាមិនច្បាស់ភ្លាមៗថាតើទឹកប្រាក់ 1 ពាន់លានដុល្លារជាផ្នែកមួយនៃកញ្ចប់ជំនួយដែលមានស្រាប់ចំនួន 3 ពាន់លានដុល្លារដែលសន្យាកាលពីខែឧសភាកន្លងទៅដោយអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសយេម៉ែនឬយ៉ាងណានោះទេ។ រដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិដែលមានមូលដ្ឋាននៅភាគខាងត្បូងបានឃើញហិរញ្ញវត្ថុសាធារណៈរបស់ខ្លួនកាន់តែអាក្រក់បន្ទាប់ពីក្រុម Houthis បានចាប់ផ្តើមការវាយប្រហារជាបន្តបន្ទាប់ទៅលើស្ថានីយនៅទីនោះកាលពីចុងឆ្នាំមុន ដែលបានរារាំងការនាំចេញប្រេង ដែលជាប្រភពចំណូលដ៏សំខាន់។

កាលពីខែវិច្ឆិកា មូលនិធិរូបិយវត្ថុអារ៉ាប់ដែលមានមូលដ្ឋាននៅទីក្រុង Abu Dhabi របស់ UAE បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ១ពានលានដុល្លារដើម្បីគាំទ្រដល់កម្មវិធីកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសយេម៉ែន។

ប្រទេសយេម៉ែន ដែលជាប្រទេសក្រីក្របំផុតនៅលើឧបទ្វីបអារ៉ាប់ ត្រូវបានបំផ្លិចបំផ្លាញចាប់តាំងពីឆ្នាំ 2014 នៅពេលដែលក្រុមឧទ្ទាម Houthi ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បានដករដ្ឋាភិបាលរបស់លោកប្រធានាធិបតី Abd-Rabbu Mansour Hadiចេញ ។

នៅក្នុងខែមេសា ឆ្នាំ 2022 ក្រុមឧទ្ទាម Houthi និងរដ្ឋាភិបាលយេម៉ែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុង Aden បានយល់ព្រមលើបទឈប់បាញ់ដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិរយៈពេលពីរខែ។

ការប្រយុទ្ធគ្នាភាគច្រើនបានបញ្ឈប់ ប៉ុន្តែភាគីទាំងពីរបានបរាជ័យក្នុងការបន្តបទឈប់បាញ់ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិមួយចំនួនទៀត ដែលបានផុតកំណត់នៅក្នុងខែតុលា។

រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតបាននិយាយកាលពីខែមករាថា វឌ្ឍនភាពកំពុងត្រូវបានធ្វើឡើងឆ្ពោះទៅរកការបញ្ចប់សង្គ្រាម ប៉ុន្តែត្រូវការការងារបន្ថែមទៀត រួមទាំងការផ្លាស់ប្តូរទៅរកបទឈប់បាញ់ជាអចិន្ត្រៃយ៍៕

ប្រភព៖ Al Jazeera

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២