អូស្ត្រាលី​នឹង​ទិញ​នាវាមុជទឹកដើរដោយថាមពល​នុយក្លេអ៊ែរ​ចំនួន ៥ គ្រឿង​ពី​សហរដ្ឋអាមេរិក

អូស្ត្រាលីមានគម្រោងនឹងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្នាក់រដ្ឋ Virginia ចំនួន 5 គ្រឿងរបស់សហរដ្ឋអាមេរិកនៅក្នុងទសវត្សរ៍ឆ្នាំ 2030 ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិសុខប៉ាស៊ីហ្វិកដ៏សំខាន់ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ។នេះបើយោងតាមមន្ត្រីអាមេរិកបួននាក់។ នៅក្រោមកិច្ចព្រមព្រៀង AUKUS យ៉ាងហោចណាស់នាវាមុជទឹកអាមេរិកមួយនឹងទៅទស្សនាកំពង់ផែអូស្ត្រាលីក្នុងប៉ុន្មានឆ្នាំខាងមុខ ហើយនៅចុងទសវត្សរ៍ឆ្នាំ 2030 នាវាមុជទឹកប្រភេទថ្មីនឹងត្រូវបានសាងសង់ឡើងជាមួយនឹងការរចនារបស់ចក្រភពអង់គ្លេស និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នឹងជួបជាមួយប្រធានាធិបតីអាមេរិក Joe Biden និងនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak នៅ San Diego នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ ដើម្បីបង្ហាញពីជំហានបន្ទាប់របស់ AUKUS ។ កតិកាសញ្ញាសន្តិសុខប៉ាស៊ីហ្វិកបានប្រកាសជាលើកដំបូងនៅក្នុងខែកញ្ញា ឆ្នាំ 2021 ហើយត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលផងដែរនូវកិច្ចសហការលើកាំជ្រួចល្បឿនលឿនជាងសំឡេង បញ្ញាសិប្បនិម្មិត និងសង្គ្រាមតាមអ៊ីនធឺណិត។ ហើយត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​ការ​ប៉ុនប៉ង​ដើម្បី​ប្រឆាំង​នឹង​ការ​កើនឡើង​នៃ​កម្លាំង ​និង​ជំហរ​អះអាង​របស់​ចិន​ក្នុង​តំបន់ ហើយ​បាន​ទាញ​ការ​ថ្កោលទោស​ពី​ក្រុង​ប៉េកាំង។

មន្ត្រីពីររូបដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា បន្ទាប់ពីដំណើរទស្សនកិច្ចកំពង់ផែប្រចាំឆ្នាំ សហរដ្ឋអាមេរិកនឹងដាក់ពង្រាយនាវាមុជទឹកមួយចំនួននៅតំបន់ភាគខាងលិចអូស្ត្រាលី នៅឆ្នាំ 2027 ។ នៅដើមទសវត្សរ៍ឆ្នាំ 2030 អូស្ត្រាលីនឹងទិញនាវាមុជទឹកថ្នាក់ Virginia ចំនួន 3 គ្រឿង និងមានជម្រើសទិញពីរបន្ថែមទៀត។ នាវាមុជទឹកនុយក្លេអ៊ែរអាចស្នាក់នៅក្រោមទឹកបានយូរជាងនាវាធម្មតា ហើយពិបាករកឃើញ៕

សេចក្តីប្រកាសរបស់ AUKUS បានបង្កើនការព្រួយបារម្ភក្នុងចំណោមសម្ព័ន្ធមិត្តក្នុងតំបន់មួយចំនួនរបស់អូស្ត្រាលី រួមទាំងឥណ្ឌូនេស៊ី និងម៉ាឡេស៊ីថា វាអាចជំរុញឱ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរនៅឥណ្ឌូប៉ាស៊ីហ្វិក។

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី Richard Marles បានប្រាប់សភាថា “ច្បាស់ណាស់ នាវាមុជទឹកទាំងនេះនឹងមានសមត្ថភាពធ្វើសង្គ្រាម ប៉ុន្តែចេតនាពិតនៃសមត្ថភាពនេះគឺដើម្បីផ្តល់ស្ថេរភាព និងសន្តិភាពនៃតំបន់របស់យើង” ៕

  

ប្រភព៖ Al Jazeera

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២