កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំងនឹងក្លាយជាចំណុចកណ្តាលនៃការនាំចេញកសិផលតាមផ្លូវទឹក ពីខេត្តកំពង់ឆ្នាំង និងតំបន់ជុំវិញ ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ ព្រមទាំងចូលរួមផ្តល់ឱកាសការងារប្រមាណជា១៥០០កន្លែង

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងបំពេញបេសកកម្មចុះពិនិត្យទីតាំងគម្រោងសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមអមដំណើរ ពីសំណាក់ថ្នាក់ដឹកនាំ អាជ្ញាធរដែនដី មន្ត្រីជំនាញពាក់ព័ន្ធ និងសមាជិកនៃក្រុមការងារបច្ចេកទេសជាច្រើនរូប។

ការរៀបចំឱ្យមានជាកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មនេះ គឺក្នុងគោលបំណងជំរុញការដឹកជញ្ជូន និងនាំចេញកសិផលពីខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិតាមរយៈផ្លូវទឹក ដោយកាត់បន្ថយការចំណាយពេលវេលា និងសោហ៊ុយក្នុងការដឹកជញ្ជូន ជាពិសេសគឺកាត់បន្ថយការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ដែលជាមូលហេតុនាំឱ្យផ្លូវថ្នល់ងាយរងការខូចខាត។ ម្យ៉ាងវិញទៀតការសាងសង់កំពង់ផែ និងមណ្ឌលភស្តុភារកម្មនេះ ក៏បានផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំងបានប្រមាណពី ១០០០កន្លែង ទៅដល់ ១៥០០កន្លែងផងដែរ។

សូមជម្រាបផងដែរថា៖ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ជាគម្រោងវិនិយោគ របស់ក្រុមហ៊ុន KLP.T TRANSPORTATION Co.,Ltd បង្កើតឡើងនៅលើផ្ទៃដីទំហំជាង ១០០ហិកតា ដែលគ្រោងនឹងបង្កើតនូវសេវាកម្មផ្សេងៗ រួមមាន៖ (១) កំពង់ផែដឹកជញ្ជូនទំនិញ,(២) មណ្ឌលសន្និធិប្រេង ,(៣) រមណីយដ្ឋានទេសចរណ៍ និង (៤) តំបន់សេដ្ឋកិច្ចពិសេស៕

       

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២