បុរសម្នាក់បើករថយន្តលឿនទៅបុ.កបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើម ហើយបន្តទៅបុ.កចូលការដ្ឋានសំណង់ក្រឡាប់ផ្ងារជើងបណ្តាលឱ្យរងរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ៖បុរសចំនួន៣នាក់បានរងរបួសធ្ងន់ស្រាល ដោយសារបើករថយន្តលឿន ហើយបានរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើម​ ហើយបន្តបុកចូលការដ្ឋានសំណង់ មួយកន្លែងទៀតបណ្ដាលឲ្យក្រឡាប់ផ្ងារជើង។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១ និង១០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានបើករថយន្ត ម៉ាកតូយ៉ូតាព្រូសពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BK 4535 និងមានបុរសពីរនាក់ទៀត រួមដំណើរជាមួយ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យបាក់រាបដល់ដី ហើយរថយន្តនៅមិនទាន់អស់ល្បឿនបន្តទៅបុកចូលជញ្ជាំងការដ្ឋានសំណង់មួយកន្លែង បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងាជើង និងមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល។

បន្ទាប់ពីកើតហេតុក្រុមកម្មករសំណង់ស្នាក់នៅក្នុងរោងក្បែរទីនោះនាំគ្នាជួយទាញ មនុស្សចេញពីក្នុងរថយន្ត និងបានទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ រួចបានស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕

 

ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២