សម្តេចតេជោ ហ៊ុន សែន៖ ទន្លេមេគង្គ និងទន្លេសាប លែងឆ្ងាយពីគ្នាហើយ

ទន្លេមេគង្គ និងទន្លេសាប លែងឆ្ងាយពីគ្នាហើយ តាមរយៈគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ រវាងខេត្តក្រចេះទៅខេត្តកំពង់ធំ និងពីខេត្តកំពង់ធំទៅខេត្តកំពង់ឆ្នាំង។នេះបើតាមប្រសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបុណ្យទន្លេនៅខេត្តកំពង់ធំ នាល្ងាចថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៣នេះ។

នៅក្នុងឱកាសនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តជុំវិញបឹងទន្លេសាប ត្រូវបន្តជំរុញកិច្ចការវាស់វែង និងឆ្វៀលដីចេញពីតំបន់២ និងតំបន់៣ នៃផ្ទៃបឹងទន្លេសាប ឱ្យបានចប់សព្វគ្រប់ និងឆាប់រហ័ស ដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋនៅតំបន់១ និងការអាស្រ័យផលនៅតំបន់២ និងបន្តរស់នៅអាស្រ័យផលនៅតំបន់៣។​

សម្តេចតេជោមានប្រសាសន៍បន្តទៀតថា ផ្លូវដែលត្រូវសាងសង់នាពេលខាងមុខនោះគឺផ្លូវ៥០សេ (50C) ប្រវែង ៥៨គីឡូម៉ែត្រ ដែលមានទាំងផ្លូវ និងស្ពានឆ្លងទន្លេ ដោយតភ្ជាប់ពីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំនោះ ផ្លូវមួយនេះនឹងត្រូវចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៤ខាងមុខនេះ។គម្រោងផ្លូវ ៥០សេនេះ គ្រោងស្នើសុំថវិកាពីរដ្ឋាភិបាលចិនផងដែរ។

គួរបញ្ជាក់ផងដែរថា ពិធីបុណ្យទន្លេលើកទី៧ ដែលប្រារព្ធធ្វើឡើងនៅសួនច្បារស្ទឹងសែន ក្នុងខេត្តកំពង់ធំនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត៕

     

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២