សត្វ​ទន្សោង ( Banteng ) មានឈ្មោះវិទ្យាសាស្ត្រ Bos javanicus ជាប្រភេទស្ថិតក្នុងអំបូរគោសារទិស និងជាប្រភេទជិតផុតពូជ លើពិភពលោក ក្នុងបញ្ជីក្រហម IUCN

ភ្នំពេញ​៖​ ទន្សោង​ ជាប្រភេទស្ថិតក្នុងអំបូរគោសារទិស និងជាប្រភេទជិតផុតពូជ (EN) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានស្ទើរគ្រប់ទីកន្លែងនៅតាមតំបន់ព្រៃ ដោយរស់នៅជាហ្វូងអាចលាយឡំជាមួយ គោព្រៃ ប្រើស ខ្ទីងជាដើម ភាគច្រើននៅ តំបន់ព្រៃល្បោះ មានអូរ ស្ទឹង ត្រពាំង ថ្លុកដែលមាន ស្មៅ ស្បូវ ព្រេច ឬស្សី ល្បះរុក្ខជាតិ គម្ពោតព្រៃ ទឹកជប់ ដីច្រាប នៅតាមតំបន់ភូមិភាគឦសាន និរតី និង ភាគខាងជើងប្រទេស។ នេះបើ​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​១០​ ខែមីនា​ ឆ្នាំ​២០២៣នេះ។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ទន្សោងមានមាឌ រូបរាង និងក្រចកជើងចំពាម ដូចគោស្រុកដែរ តែខុសត្រង់ វាអត់មានបូកលើខ្នង និងបួរកធ្លាក់ចុះក្រោមដូចគោស្រុកទេ ទន្សោងមានសម្បុរក្រហមត្នោតស្រាល និងប្រែទៅជាពណ៌ក្រហមត្នោត ឬ ក្រហមត្នោតចាស់ នៅពេលវាមានវ័យចំណាស់បន្តិច ហើយជើង ទាំងបួនចាប់ពីជង្គង់ចុះក្រោមមានពណ៌ស ដូចខ្ទីង និងគោព្រៃដែរ។ ប៉ុន្តែខុសគ្នាត្រង់វាមានពណ៌ស នៅផ្នែកក្រោយត្រង់កំពែងគូទ រឺឯស្នែងវាមានរាងមូលជាងស្នែងខ្ទីង ពណ៌លឿងចាស់ភ្លឺរលោង ចាប់ពីពាក់កណ្ដាលស្នែងចុះក្រោម និងចុងស្នែងមានពណ៌ខ្មៅ។

បន្ទាប់ពីពពោះរយៈពេលប្រមាណជា ១០ខែ ទន្សោងអាចបង្កើតកូនបាន១-២ក្បាល និងអាចដោយឈ្មោលម្តងទៀត ក្រោយពីកើតកូនបាន ២ខែ៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២