កម្ពុជាកំពុងមានក្តីស្រមៃនឹងក្លាយទៅជាប្រទេស ដែលផលិតនូវស្វាយចន្ទីច្រើនជាងគេបំផុតលើលោក

បច្ចុប្បន្ន ដំណាំស្វាយចន្ទីត្រូវបានគេដឹងថា មានដាំស្ទើរតែនៅគ្រប់ខេត្ត នៅក្នុងប្រទេសកម្ពុជា ដោយក្នុងមួយឆ្នាំៗគ្រាប់ស្វាយចន្ទីរបស់កម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិបានរាប់សែនតោន។ជាមួយគ្នានេះដែរ ប្រមុខរដ្ឋាភិបាលប្រទេសកម្ពុជា កំពុងមានស្រមៃថា ប្រទេសកម្ពុជានឹងក្លាយទៅជាប្រទេស ដែលផលិតនូវស្វាយចន្ទីច្រើនជាងគេបំផុត នៅលើពិភពលោក។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍នៅក្នុងពិធីបើកបុណ្យទន្លេលើកទី៧ នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២៣នេះថា សម្ដេចកំពុងតែស្រមៃថា ប្រទេសកម្ពុជានឹងក្លាយទៅជាប្រទេស ដែលផលិតនូវស្វាយចន្ទីច្រើនបំផុតនៅលើពិភពលោក។ សម្ដេចតេជោក៏បានបញ្ជាក់ផងដែរថា មកដល់បច្ចុប្បន្ននេះ ស្វាយចន្ទីរបស់ប្រទេសកម្ពុជាបានហួសប្រទេសកូឌីវ័រ ដែលមានត្រឹម១.១លានតោន (១លាន១សែនតោន) ប៉ុន្ដែកម្ពុជាមានស្វាយចន្ទីចំនួន១.១៨ លានតោន (១លាន ១សែន៨ម៉ឺនតោន) រួចស្រេចទៅហើយ។

បើយោងតាមសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្ននេះប្រទេសកម្ពុជា មានផ្ទៃដីចម្ការស្វាយចន្ទីជាង ៧០ម៉ឺនហិកតា ។ហើយការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីពីប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនឹងកើនឡើងដល់៩០០,០០០ តោននៅឆ្នាំនេះ ធៀបនឹង៦៧០,០០០ ដែលបានផ្គត់ផ្គង់កាលពីឆ្នាំមុន៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២