កាន់តែងាយស្រួល! ក្រសួងសាធារណការ ផ្តល់ជូនឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃ សម្រាប់បើកបរនៅលើផ្លូវល្បឿនលឿន ដោយមិនបាច់រង់ចាំយូរ

ការផ្តល់ជូនឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃ បានត្រឡប់មកវិញហើយ ចាប់ពីថ្ងៃទី១៥ មីនា ដល់ ១៥ មិថុនា ឆ្នាំ២០២៣នេះ ការបំពាក់ឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃ ជូនដល់បងប្អូនដែលមានបំណងបើកបរចេញចូលផ្លូវល្បឿនលឿន ដោយមិនចាំបាច់រង់ចាំ បានវិលត្រឡប់មកវិញសារជាថ្មីម្តងទៀតហើយ។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ការផ្តល់ជូនពិសេសនេះ នឹងចាប់ផ្តើមពីថ្ងៃទី១៥ ខែមីនា រហូតដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ។ហើយដើម្បីទទួលយកនូវការបំពាក់ឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃនេះ បងប្អូនអាចអញ្ជើញទៅធ្វើការចុះឈ្មោះ នៅមណ្ឌលផ្តល់សេវាសាធារណៈទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឬគ្រប់បណ្តាស្ថានីយផ្លូវល្បឿនលឿន ដោយនាំយកទៅជាមួយនូវរថយន្តដែលត្រូវបំពាក់មកជាមួយ ។

ឯកសារតម្រូវ(ច្បាប់ដើម)រួមមាន៖

១. អត្តសញ្ញាណប័ណ្ណ

២. វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)

៣. បណ្ណសម្គាល់យានជំនិះ(កាតគ្រី)។

គួររម្លឹក និងត្រូវយល់ដឹងផងដែរថា ETC(Electronic Toll Collection) គឺជាច្រកអាទិភាព សម្រាប់រថយន្តដែលមានបំពាក់ឧបករណ៍ OBU(On-Board Unit) នៅនឹងកញ្ចក់ផ្នែកខាងមុខ បើកបរចេញចូល ជាមួយនឹងការទូទាត់ដោយស្វ័យប្រវត្តិ មិនចាំបាច់ចំណាយពេលរង់ចាំ។

ដូច្នេះបើបងប្អូនមានការចាប់អារម្មណ៍ សូមអញ្ជើញទៅធ្វើការចុះឈ្មោះប្រើប្រាស់បំពាក់ឧបករណ៍ ETC-OBUជាប់កញ្ចក់ផ្នែកខាងមុខនៃរថយន្ត ដើម្បីចូលប្រើប្រាស់គន្លង ETC នៅទីតាំងដូចខាងក្រោម៖

– គ្រប់បញ្ជរបង់ប្រាក់ទាំង ៨ទីតាំង នៃផ្លូវល្បឿនលឿន

– មណ្ឌលផ្ដល់សេវាសាធារណៈ ទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២