តុលាការឧក្រិដ្ឋកម្មអន្តរជាតិនឹងបើកសំណុំរឿងឧក្រិដ្ឋកម្មសង្រ្គាម ជុំវិញការឈ្លានពានរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) គ្រោងនឹងបើកសំណុំរឿងឧក្រិដ្ឋកម្មសង្រ្គាមចំនួនពីរ ដែលពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្សីមកលើអ៊ុយក្រែន និងចេញដីកាចាប់ខ្លួនប្រឆាំងនឹង “មនុស្សជាច្រើន” នេះបើយោងតាមកាសែត New York Times (NYT) និង Reuters ដោយដកស្រង់សម្តីមន្ត្រីតុលាការ។

យោងតាម ​​NYT ករណីទាំងនេះនឹងតំណាងឱ្យការចោទប្រកាន់ជាអន្តរជាតិដំបូងគេ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ដោយក្រុមស៊ើបអង្កេតពិសេសរបស់ ICC។ ករណីដំបូងដែល ICC គ្រោងនឹងបើក គឺនិយាយអំពីការចោទប្រកាន់របស់រុស្ស៊ីអំពីការចាប់ពង្រត់កុមារអ៊ុយក្រែន។ ទីពីរគឺការវាយប្រហារ ដោយមិនឈប់ឈរ របស់រុស្ស៊ីដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងការផ្គត់ផ្គង់ទឹក និងធុងហ្គាស ។

សារព័ត៌មាន NYT បានរាយការណ៍ទៀតថា ជំហានដំបូងរបស់ប្រធានរដ្ឋអាជ្ញា ICC Karim Khan គឺត្រូវបង្ហាញការចោទប្រកាន់របស់គាត់ទៅក្រុមចៅក្រមបណ្តោះអាសន្ន ដែលនឹងសម្រេចថាតើស្តង់ដារផ្លូវច្បាប់ត្រូវបានបំពេញសម្រាប់ការចេញដីកាចាប់ខ្លួន ឬថាតើអ្នកស៊ើបអង្កេតត្រូវការភស្តុតាងបន្ថែមទៀតឬអត់?។

នៅក្នុងការឆ្លើយតបទៅនឹងសំណើរបស់ CNN លើរបាយការណ៍របស់ NYT ការិយាល័យព្រះរាជអាជ្ញារបស់ ICC បាននិយាយថា ពួកគេ “មិនផ្តល់ការអត្ថាធិប្បាយលើរបាយការណ៍នេះទេ” ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅអំឡុងពេលទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន លោក Khan បាននិយាយថា “យើងឃើញយ៉ាងច្បាស់នូវគំរូមួយ ខ្ញុំគិតថាទាក់ទងនឹងចំនួន មាត្រដ្ឋាន និងទំហំនៃការវាយប្រហារប្រឆាំងនឹងបណ្តាញអគ្គិសនីរបស់អ៊ុយក្រែន។ ហើយយើងត្រូវពិនិត្យមើលថាហេតុអ្វីបានជាវាកើតឡើង តើពួកគេជាគោលដៅស្របច្បាប់ឬអត់។ ហើយ​ថា​តើ​ពួកគេ​ត្រូវ​បាន​គេ​កំណត់​គោលដៅ​ដោយ​ហេតុផល​ផ្សេង​ទៀត​ឬ​អត់?៕

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បានប្រាប់ CNN កាលពីថ្ងៃច័ន្ទថា ពួកគេបានជំរុញ ICC មួយរយៈមកហើយដើម្បីស្វែងរកដីកាចាប់ខ្លួនប្រឆាំងបុគ្គលរុស្ស៊ីពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន។

 

មន្ត្រីរូបនេះបាននិយាយថា អ៊ុយក្រែនបាននឹងកំពុងជំរុញឱ្យមន្ត្រីរុស្ស៊ីដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាមត្រូវបានកាត់ទោសដោយ ICC រហូតដល់ និងរួមទាំង (ប្រធានាធិបតីរុស្ស៊ី) លោក ពូទីន ដែលជាអ្នកទទួលខុសត្រូវចុងក្រោយ ៕

ប្រែសម្រួលដោយ៖ វាសនា

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២