សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ចេញព្រះរាជសារថ្លែងនូវអំណរគុណជូនដល់ជនរួមជាតិ និងអន្តរជាតិ ដែលសម្តែងនូវសមានចិត្តសោកស្តាយចំពោះព្រឹត្តិការណ៍ អគ្គីភ័យឆេះឆាបព្រះរាជដំណាក់នៅខេត្តសៀមរាប

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៣ បានចេញព្រះរាជសារថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅជូនដល់ជនរួមជាតិ និងអន្តរជាតិ ដែលបានផ្ញើរសារមកព្រះអង្គផ្ទាល់ និង តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន ដើម្បីសម្តែងនូវសមានចិត្តសោកស្តាយចំពោះព្រឹត្តិការណ៍ នៃឧបទ្ទវហេតុ យ៉ាងតក់ស្លុត និងរន្ធត់បំផុត លើព្រះរាជដំណាក់ខេត្តសៀមរាប ដោយគ្រោះអគ្គីភ័យឆេះឆាបនាយប់ថ្ងៃទី១២ ខែ មីនា ឆ្នាំ ២០២៣ វេលាម៉ោង ២២:០៥នាទី កន្លងទៅនេះ ។

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានបញ្ជាក់ថា ព្រះរាជដំណាក់ខេត្តសៀមរាប ដែលមានអាយុកាលជាង៧០ឆ្នាំមកហើយនេះ បានបន្សល់នូវអនុស្សាវរីយ៍ ប្រវត្តិសាស្ត្រ និងអត្ថន័យជាតិដ៏ធំធេងជាមួយនឹងព្រះរាជបូជនីយកិច្ចតស៊ូទាមទារឯករាជ្យ បន្ទាប់ពីការយាងបំពេញ យុទ្ធនាការនៅបរទេសមាន បារាំង កាណាដា អាមេរិក ជប៉ុន និងថៃឡង់ ។ ព្រះករុណា ព្រះមហាវីរៈក្សត្រ វររាជបិតាជាតិខែ្មរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានដឹកនាំការតស៊ូជាមួយការចូលរួម ដ៏សកម្ម និងដ៏អង់អាចក្លាហានពីសំណាក់ជនរួមជាតិគ្រប់ស្រទាប់វណ្ណៈ និងគ្រប់និន្នាការដោយគ្មានការបង្ហូរឈាម ។ រវាងខែមិថុនាដល់ខែវិច្ឆិកា១៩៥៣ ព្រះអង្គមានមហាកិត្តិយសបានដង្ហែរ ព្រះបិតាឯករាជ្យជាតិ ក្នុងព្រះរាជបូជនីយកិច្ច ប្រវត្តិសាស្ត្រខាងលើនេះនៅក្នុងខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តបាត់ដំបង ដែលជាតំបន់ស្វយ័តនាពេលនោះ រហូតទទួលបានជោគជ័យជាស្ថាពរជូនជាតិមាតុភូមិទាំងមូលនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

 

ឆ្លៀតក្នុងឱកាសនេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សូមថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងព្រះ បរមរាជវាំង ព្រមទាំងអាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ច ក្រុមពន្ឋត់អគ្គីភ័យ ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ដែលបានជួយអន្តរាគមន៍បានភ្លាមៗ ។

 

តាមសេចក្ដីទួលស្នើសុំរបស់សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជដំណាក់ថ្មីនឹងត្រូវរៀបចំកសាងឡើងវិញ នៅពេលឆាប់ៗខាងមុខនេះ ។ សូមកូនចៅជាទីគោរពទាំងអស់ ទទួលនូវសេចក្តីនឹករលឹកស្រឡាញ់ដ៏ជ្រាលជ្រៅអំពី ព្រះករុណាព្រះមហាក្សត្រ និងព្រះអង្គ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២