ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ សូមជឿជាក់មកលើរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងការប្តេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា សូមជឿជាក់មកលើរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងការប្តេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន ព្រមទាំងរួមគ្នាការពារសុខសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ។ការបញ្ជាក់បែបនេះ ក្នុងពិធីសមោ្ពធសមិទ្ធផលនានារបស់កងពលតូចថ្មើរជើងលេខ៥២ និងកងឯកភាពចំណុះ នៅខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

 

 

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ជាពិសេស នៅអំឡុងពេលព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំ២០២៣នេះ ជាអាទិ៍៖ ព្រឹត្តិការណ៍កីទ្បាស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលជាឱកាសនាំមកនូវមោទកភាពជាតិក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ និងការលើកស្ទួយកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ទាំងកម្រិតតំបន់ និងសាកលលោក ព្រមទាំងដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ជាមួយនឹងការធានាថា ព្រឹត្តិការណ៍ជាលក្ខណៈប្រវត្តិសាស្ត្រដ៏សំខាន់ទាំងអស់នេះ អាចប្រព្រឹត្តទៅបានក្នុងបរិយាកាសសន្តិភាព ស្ថិរភាព និងសន្តិសុខពេញលេញ។

មេបញ្ជាការកងទ័ពជើងគោក បានបន្តថា ក្នុងរយៈកាលកន្លងមកនេះ សន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខសាធារណៈ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍ និងជីវភាពរស់នៅប្រកបដោយភាពសុខសាន្តរបស់ប្រជាជន ត្រូវបានរក្សាការពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ ជាពិសេសការរួមចំណែកមិនអាចខ្វះបានពីសំណាក់កងយោធពលខេមរភូមិន្ទ ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធជាតិ ដែលមានភក្តីភាពជានិច្ចចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ៕

 

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២