សម្តេចតេជោ នាយករដ្ឋមន្ត្រី លើកទឹកចិត្ត និងផ្តល់នូវទស្សនៈចំនួន៤ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ជនមានពិការភាព ប្រកបដោយបរិយាប័ន្នក្នុងសហគមន៍ និងក្នុងដំណើរការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យបានច្រើនជាអតិបរមា

អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទ ជនមានពិការភាព ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី៥ នៅសណ្ឋាគារសុខា រ៉េស៊ីដង់ ភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការអំពាវនាវដល់សហគមន៍ជាតិ និង អន្តរជាតិ សូមបន្តរួមគ្នាអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្តីពីជនមានពិការភាព អនុសញ្ញាស្តីពីសិទ្ធិជនមាន-ពិការភាពរបស់អង្គការសហប្រជាជាតិ និងយុទ្ធសាស្រ្តទីក្រុង អ៊ីនឈុន ដើម្បីផ្តល់សិទ្ធិពិតប្រាកដដល់ជនមានពិការភាព។បច្ចុប្បន្នបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងភូមិសាស្ត្រនយោបាយបាន និងកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរបស់ប្រជាជនទូទៅ ជាពិសេសជនមាន-ពិការភាព និងជនងាយរងគ្រោះដទៃទៀត។

ដើម្បីរួមចំណែកដល់ការលើកកម្ពស់ជនមានពិការភាព ប្រកបដោយបរិយាប័ន្នក្នុងសហគមន៍ និងក្នុងដំណើរការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យបានច្រើនជាអតិបរមា សម្តេចតេជោ ហ៊ុន សែន សូមលើកទឹកចិត្ត និងផ្តល់នូវទស្សនៈចំនួន៤ ដូចខាងក្រោម៖

ទី១៖ គ្រប់កិច្ចអភិវឌ្ឍ រួមមានសកម្មភាពសង្គម សេដ្ឋកិច្ចនយោបាយ និងវប្បធម៌ត្រូវលើកទឹកចិត្ត និងលើកកម្ពស់ឱ្យ មានការចូលរួមជាអតិបរមារបស់ជនមានពិការភាពនៅកម្រិតសហគមន៍ឱ្យបានទូលំទូលាយ ដើម្បីសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយបរិយាប័ន្ន ទាំងទិដ្ឋភាព និងតួអង្គនៃការអភិវឌ្ឍ ។

ទី២៖ ការបង្កើនកិច្ចសហការរវាងប្រជាជន រដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងសង្គមស៊ីវិលត្រូវបានលើកទឹកចិត្ត សំដៅចែករំលែកបទពិសោធ ផ្លាស់ប្តូរបច្ចេកវិទ្យាព័ត៌មាន និងឧត្តមានុវត្តន៍ ជាក់ស្តែង ជាពិសេសមតិយោបល់ល្អៗនៃកិច្ចពិភាគ្សាគ្នាក្នុង រយៈពេល ៣ ថ្ងៃ នៃសន្និសីទនេះ សម្រាប់ជាធាតុចូលដល់ការ សម្រួចបន្ថែមលើផែនការអភិវឌ្ឍវិស័យពិការភាពនៅកម្រិត សហគមន៍ឱ្យបានកាន់តែស៊ីជម្រៅ ។

ទី៣៖ សូមលើកទឹកចិត្តឱ្យបង្កើនកិច្ចសហការរៀបចំ ការបណ្តុះបណ្តាលជំនាញពិសេស និងប្រើប្រាស់បច្ចេកទេស សមស្របសម្រាប់ការសិក្សារបស់ជនមានពិការភាព ដើម្បីលើកកម្ពស់សមត្ថភាព និងលទ្ធភាពទទួលបានការងារធ្វើជាមួយ បៀវត្សខ្ពស់ ក៏ដូចជាធ្វើឱ្យជនមានពិការភាពអាចចូលរួមកាន់ តែច្រើន ពេញលេញ និងស្មើសិទ្ធិក្នុងទីផ្សារការងារ ទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ ។

ទី៤៖ សូមលើកទឹកចិត្តឱ្យបន្តពង្រឹងអនុវត្ត និងពង្រីកការអភិវឌ្ឍសហគមន៍ប្រកបដោយបរិយាប័ន្ន មានប្រសិទ្ធភាព និងទូលំទូលាយ និងសូមអំពាវនាវឱ្យមានការចូលរួមជាមួយគ្នា ក្នុងស្មារតីជវភាពនៃប្រព័ន្ធតួអង្គតែមួយ ក្នុងការអនុវត្តសេចក្តី-ថ្លែងការណ៍ហ្សាកាតាស្តីពីទសវត្សរ៍ជនមានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ ២០២៣-២០៣២ ដើម្បីជាគុណ ប្រយោជន៍ដល់ជនមានពិការភាព ទាំងក្នុងប្រទេសតំបន់ និងសកល៕

       
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២