ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាជនពិការអាស៊ីអាគ្នេយ៍ លើកទី១២ នឹងរៀបចំសន្និសីទស្តីពីផែនការសារព័ត៌មាន និងការផ្សព្វផ្សាយអំពីកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

សន្និសីទស្តីពីផែនការសារព័ត៌មាន និងការផ្សព្វផ្សាយរយៈពេល២ថ្ងៃនេះនឹងទទួលបានការចូលរួមពីអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។ ក្នុងនោះអ្នកសារព័ត៌មានមកពីបណ្តាប្រទេសសមាជិកអាស៊ីអាគ្នេយ៍ទាំង១១ និងបណ្តាញសារព័ត៌មានអន្តរជាតិធំៗជាច្រើនទៀតមកពីទូទាំងពិភពលោក។
នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នឹងថ្លែងសុន្ទរកថាបើកកម្មវិធី និងទទួលស្វាគមន៍ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិយ៉ាងកក់ក្តៅ។

អ្នកសារព័ត៌មានទាំងអស់នឹងទទួលបានការធ្វើបទបង្ហាញពីវឌ្ឍនភាព និងរបាយការណ៍អំពីការត្រៀមខ្លួនរៀបចំកីឡាស៊ីហ្គេម លើកទី៣២ និង បទបង្ហាញពីវឌ្ឍនភាព និងរបាយការណ៍អំពីការត្រៀមខ្លួនរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ព្រមទាំងផែនការរៀបចំព្រះរាជពិធីសុំព្រះអគ្គីកីឡា និងពិធីរត់ដង្ហែភ្លើងគប់ទៅកាន់ប្រទេសអាស៊ាន១០ទៀត។
បន្ទាប់មក ម្ចាស់ផ្ទះកម្ពុជានឹងធ្វើបទបង្ហាញស្តីពីផែនការផ្សាយផ្ទាល់អំពីកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ព្រមទាំងមានកម្មវិធីសំនួរ-ចម្លើយ ក៏ដូចជាសន្និសីទសារព័ត៌មានលំអិតជុំវិញផែនការសារព័ត៌មាន និងការផ្សព្វផ្សាយ ព្រមទាំងកិច្ចប្រជុំពិសេសផ្សេងៗទៀត។
នៅថ្ងៃទី១៧ ខែមីនា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោដែលជាកន្លែងរៀបចំពិធីបើក-បិទព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រទាំងពីរ និងមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ ដើម្បីផ្តិតយករូបភាព និងស្វែងយល់ពីទីកន្លែងលម្អិតដើម្បីយកទៅផ្សព្វផ្សាយ។ បន្ទាប់មកពួកគាត់នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ពហុកីឡដ្ឋានជាតិ មុនពេលថ្ងៃទី១៨ ខែមីនា ពួកគាត់វិលត្រឡប់ទៅប្រទេសកំណើតវិញ៕
ដោយ៖ វិកគី

