ពលរដ្ឋជាងពីរពាន់នាក់ចូលរួមរត់កម្សាន្ត ក្នុងព្រឹត្តការណ៍ V-Active Fun Run លើកទី៣ ប្រារព្ធឡើងក្នុងពីធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍រត់កម្សាន្ត V-Active Fun Run លើកទី៣ ក្នុងកម្មវិធីបុណ្យទន្លេលើកទី៧ ត្រូវបានប្រារព្ធធ្វើឡើងនៅទីរួមខេត្តកំពង់ធំ កាលពីថ្ងៃទី១២ ខែមីនា ដោយមានការចូលរួមរត់កម្សាន្តពីលោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្នាក់ដឹកនាំនៃក្រុមហ៊ុន វឌ្ឍនៈ គ្រុប សមាជិក សមាជិកានៃស្ថាប័នពាក់ព័ន្ធ ព្រមទាំងសិល្បៈករ សិល្បការីនី ព្រមទាំងប្រជាពលរដ្ឋប្រមាណជាងពីរពាន់នាក់។

ព្រឹត្តិការណ៍រត់កម្សាន្ត V-Active Fun Run រៀបចំដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ នៅទីរួមខេត្តកំពង់ធំ ក៏ដូចជាការអបអរសាទរការដាក់ឲ្យដំណើរការជាផ្លូវការភេសជ្ជៈ វី-អាកទីវទី៣ គឺ វី-អាកទីវ បៃតង។ ព្រឹត្តការណ៍នេះតែងតែបានផ្សារភ្ជាប់ជាមួយសកម្មភាពបត់បេះដូងរបស់យុទ្ធនាការ BeyondtheGames ដែលអនុញ្ញាតឲ្យអ្នកចូលរួមបានបង្ហាញក្ដីស្រលាញ់ និងការគាំទ្រដល់កីឡាករ កីឡារិនីកម្ពុជាដែលកំពុងត្រៀមខ្លួនប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក៏ដូចជាបានក្លាយទៅជាកម្មវត្ថុក្នុងការស្វែងរកការបរិច្ចាគថវិកាឧបត្ថម្ភកីឡាករ កីឡាការិនី មានពិការភាព ក្នុងនោះ វឌ្ឍនៈ ប្រ៊ូវើរី ក៏ជាដៃគូបរិច្ចាគ ដែលក្នុងមួយបេះដូងមានតម្លៃស្មើ ៥០០រៀល។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានចូលរួមរត់ក្នុងព្រឹត្តការណ៍នេះមានប្រសាសន៍ថា ការរៀបចំព្រឹត្តការណ៍ V-Active Fun Run ដើម្បីឆ្លើយតបតាមសំណូមពរបងប្អូនស្រឡាញ់កីឡា និងសុខភាព និងអបអរសាទរពិធីបុណ្យទន្លេជាមួយបងប្អូនខេត្តកំពង់ធំ។

អ្នកឧកញ៉ា បានបន្ថែមទៀតថា ក្នុងនាមជាក្រុមហ៊ុនដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរសុទ្ធសាធ ពិតជាមានកិត្តិយស និងមោទនភាពដែលបានចូលរួមជាចំណែកគាំទ្រដល់ការអភិវឌ្ឍន៍វិស័យកីឡា បង្កើនសាមគ្គីភាព គឺជាឆន្ទះនៃក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក៏ដូចជាការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម នៅក្នុងប្រទេសកម្ពុជា រួមគ្នាលើកទឹកចិត្ត គាំទ្រដល់អត្តពលិកកម្ពុជា។

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ក៏បានរួមចំណែកគាំទ្រលើវិស័យជាច្រើនទៀតដូចជា សិល្បៈ វប្បធម៌ សង្គម និងសេដ្ឋកិច្ច ដោយទទួលបានលិខិតសរសើរពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានក្លាយជាក្រុមហ៊ុនក្នុងស្រុកគំរូដំបូងគេបង្អស់ស្ម័គ្រចិត្តចូលរួមសហការបំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានសុរា ដើម្បីតម្លាភាពចំណូលពន្ធអាករជាតិ និងចូលរួមចំណែកយ៉ាងពិតប្រាកដក្នុងការពង្រឹង វប្បធម៌បង់ពន្ធជូនរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២