ភ្នំពេញ៖ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជូនប្រតិភូកីឡាទូកក្ដោងចំនួន ០៣នាក់ ដឹកនាំដោយលោក យិន កែវវាសនា ប្រធានប្រតិភូ និងជាគ្រូបង្វឹក និងកីឡាករជម្រើសជាតិចំនួន ០២នាក់ ទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកកីឡាទូកក្តោង Thailand Windsurfing Championship 2023 Event 2 នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។

បើតាមការបញ្ជាក់របស់លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុជា ការបញ្ជូនប្រតិភូ និងកីឡាករនេះដែរ គឺយោងតាមផែនការយុទ្ធសាស្រ្ត និងចក្ខុវិស័យរបស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា ត្រៀមឆ្ពោះទៅការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ក្រោមការដឹកនាំចង្អុលបង្ហាញពី ឯកឧត្តម ថោង រដ្ឋសក្កិ អនុប្រធានអចិន្ត្រៃយ៍ នៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា។
គួររម្លឹកផងដែរថា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ សហព័ន្ធកីឡាទូកក្តោងកម្ពុជា ត្រៀមមន្រ្តីបច្ចេកទេសចំនួន ៤៥រូប និងចៅក្រមអន្តរជាតិ ៥រូប ក្នុងនោះក៏មានចៅក្រមអន្តរជាតិកម្ពុជា ១រូប ផងដែរ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រកួតជើងឯកកីឡាទូកក្តោង Thailand Windsurfing Championship 2023 Event 2 នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ មានកីឡាករ កីឡាការិនីសរុបចំនួន ៥០នាក់ចូលរួម មកពី ៥ប្រទេស រួមមាន កម្ពុជា, សឹង្ហបុរី, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី និងថៃ ដែលជាម្ចាស់ផ្ទះ។ សម្រាប់ការប្រកួតនេះ កម្ពុជា បានបញ្ជូនក្រុមកីឡាករ Windsurfing ចំនួន ០១រូប គឺកីឡាករ កែវ ភារុណ និង Wind Foil ចំនួន ០១រូប គឺកីឡាករ កែវ ភានុន៕

ដោយ៖ វិកគី

