កូរ៉េ​ខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​កទៀតហើយ

យោងតាមទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោង នាព្រឹកថ្ងៃព្រហស្បតិ៍ទី ១៦ ខែមីនានេះ នៅក្នុងការបាញ់បង្ហោះចុងក្រោយបង្អស់ ចំពេលមានភាពតានតឹងក្នុងតំបន់យ៉ាងធ្ងន់ធ្ងរ។

ទីភ្នាក់ងារដដែលនេះបាននិយាយថា កាំជ្រួចនោះ ត្រូវបានបាញ់ចូលទៅក្នុងដែនទឹកនៅឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ។ នេះបើតាមការដកស្រង់សម្តីរបស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង។

 

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ប្រឈមមុខនឹងការគំរាមកំហែងផ្នែកយោធា និងនុយក្លេអ៊ែរពីកូរ៉េខាងជើង ដែលបានធ្វើការសាកល្បងអាវុធហាមឃាត់កាន់តែខ្លាំងឡើងៗជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

ការបង្ហាញកម្លាំងថ្មីនេះ បានកើតឡើងប៉ុន្មានម៉ោងមុនពេលមេដឹកនាំកូរ៉េខាងត្បូង និងជប៉ុនជួបប្រជុំគ្នានៅទីក្រុងតូក្យូ ជាមួយនឹងកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ក្នុងចំណោមរបៀបវារៈរបស់ពួកគេ ហើយនៅពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបន្តធ្វើសមយុទ្ធយោធារួមគ្នា។ កូរ៉េ​ខាង​ជើង​បាននិយាយ​ថា ការ​ធ្វើ​សមយុទ្ធ​បែប​នេះ​ជា​ការ​ហាត់​សម​សម្រាប់​ការ​ឈ្លានពាន។

កាលពីថ្ងៃអង្គារ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់នៅក្នុងការបាញ់បង្ហោះជាលើកដំបូងចាប់តាំងពីការធ្វើសមយុទ្ធ ដែលជាសមយុទ្ធដ៏ធំបំផុតក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ នេះបើយោងតាមយោធាកូរ៉េខាងត្បូង។

ហើយកាលពីថ្ងៃអាទិត្យ ទីក្រុងព្យុងយ៉ាងបានបាញ់កាំជ្រួច Cruise យុទ្ធសាស្ត្រចំនួនពីរចេញពីនាវាមុជទឹក នៅក្នុងការតវ៉ាជាក់ស្តែងជុំវិញសមយុទ្ធរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលមានរយៈពេល ១០ថ្ងៃគឺចាប់ផ្តើមពីថ្ងៃច័ន្ទមក ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២