ក្មេងស្រីម្នាក់ជិះម៉ូតូទាក់ដៃចង្កូតជាមួយរ៉ឺម៉កដួល ត្រូវបានរថយន្តកុងតឺន័រកិនស្លាប់នៅនឹងកន្លែង

ភ្នំពេញ​៖​ ក្មេងស្រីម្នាក់បានស្លាប់នៅនឹងកន្លែង  ខណៈបើកម៉ូតូទាក់ដៃចង្កូតជាមួយរ៉ឺម៉កធ្វើដំណើរស្របគ្នាបណ្តាលឲ្យដួលទៅនឹងថ្នល់ត្រូវរថយន្តកុនតឺន័រកិនស្លាប់ ហើយជិះគេចខ្លួនបាត់​ស្រមោល។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៩ និង៣០នាទីយប់​ ថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ២០២៣​ នៅផ្លូវបេតុង​ ក្នុងភូមិព្រៃព្រីងជើង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញក្មេងស្រីម្នាក់ជិះម៉ូតូម៉ាកហុងដា ធូដេ​ ពណ៌ខៀវ​ ពាក់ស្លាក លេខភ្នំពេញ1CR 3328 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើង​ ស្របជាមួយរ៉ឺម៉ក ខណៈមកដល់កន្លែងកើតហេតុស្រាប់តែទាក់ដៃចង្កូតគ្នាជាមួយរ៉ឺម៉ក បណ្តាលឲ្យដួលបោកទៅនឹងថ្នល់ ភ្លាមៗនោះក៏មានរថយន្តកុងតឺន័របើកមកបញ្ច្រាសទិសគ្នាកិនពីលើបណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែង។ក្រោយកើតហេតុរ៉ឺម៉កនឹងរយន្តកុងតឺន័របានបើកគេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ហើយក៏បានទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវតាមចាប់យកមកដោះស្រាយតាមច្បាប់៕

ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២