កូនសត្វទន្សោងមួយក្បាល ដែលជាប់អន្ទាក់ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ននោះ ត្រូវបានមន្ត្រីឧទ្យានុរក្សជួយសង្គ្រោះ​ និងលែងចូលក្នុងព្រៃវិញហើយ នៅថ្ងៃនេះ

ភ្នំពេញ​៖​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​បរិស្ថាន​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២៣នេះ​បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​យ៉ាងដូច្នេះ​ថា៖​ កូនសត្វទន្សោងមួយក្បាលដែលជាប់អន្ទាក់ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន​ ត្រូវបានមន្ត្រីឧទ្យានុរក្សជួយសង្គ្រោះ និងលែងចូលក្នុងព្រៃវិញនៅថ្ងៃទី១៧ ខែមីនានេះ។

សូមបញ្ជាក់ថា​ កន្លងមក​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានសម្តែងអំណរគុណដល់ក្រុមការងារសង្គ្រោះសត្វព្រៃ អង្គការ WA ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសង្គ្រោះសត្វ ដែលជាប្រភេទសត្វកម្រនៅលើពិភពលោកនេះ ក៏ដូចជាសត្វព្រៃផ្សេងទៀត។ លោករដ្ឋលេខាធិការ​ បានថ្លែងបន្តថា អង្គការ WA រួមនឹងសហគមន៍តំបន់ការពារធម្មជាតិក្នុងតំបន់ជួរភ្នំក្រវ៉ាញ បាន និងកំពុងចូលរួមយ៉ាងសកម្មជាមួយក្រសួងបរិស្ថានក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃនៅតាមតំបន់ការពារធម្មជាតិក្នុងតំបន់ជួរភ្នំក្រវ៉ាញបានយ៉ាងល្អប្រសើរ។

 

លោក នេត្រ ភក្ត្រា បានកត់សម្គាល់ថា ប្រជាសហគមន៍ដែលបានឃើញសត្វជាប់អន្ទាក់ស្វែងរកកិច្ចអន្តរាគមន៍ដើម្បីជួយសង្គ្រោះសត្វបានបង្ហាញពីការយល់ដឹង ពីសារៈសំខាន់នៃជីវៈចម្រុះ និងការចូលរួមអភិរក្សសត្វព្រៃឱ្យបានគង់វង្ស។ ក្រសួងបរិស្ថាន និងអង្គការដៃគូផ្នែកអភិរក្សនឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការធ្វើយុទ្ធនាការអន្ទាក់សូន្យដើម្បីបង្កើនការយល់ដឹងកាន់តែច្រើនថែមទៀតក្នុងចំណោមសាធារណជន និងការចូលរួមការពារនិងអភិរក្ស។ លោក នេត្រ ភក្ត្រា បានលើកឡើងថា អន្ទាក់ និងកាំភ្លើងកែច្នៃ គឺជាឃាតកលាក់មុខសម្លាប់សត្វព្រៃនៅកម្ពុជា ជារៀងរាល់ថ្ងៃដែលចាំបាច់ត្រូវទប់ស្កាត់ និងបង្ក្រាបកុំឱ្យមានការយកចូលក្នុងតំបន់ការពារធម្មជាតិ។ អន្ទាក់ជាច្រើនម៉ឺនត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ និងកាំភ្លើងរួមនឹងកាំភ្លើងកែច្នៃជាច្រើនរយ ត្រូវបានដកហូត រឹបអូសរយពពេលកន្លងទៅ។

ដើម្បីចូលរួមការពារនិងអភិរក្សសត្វព្រៃជាពិសេសសត្វព្រៃកម្រៗនៅលើពិភពលោកដែលមានវត្ត មាននៅកម្ពុជា លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការបរិភោគ សាច់សត្វព្រៃ និងកុំជឿថាបរិភោគសាច់សត្វព្រៃផ្តល់នូវសុខភាពល្អ។ ជាមួយគ្នានេះ សមត្ថកិច្ចពាក់ព័ន្ធនឹង អនុវត្តច្បាប់ប្រឆាំងនឹងជនល្មើសសម្លាប់សត្វដោយមិនលើកលែងឡើយ។

 

លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមការពារនិងអភិរក្សសត្វព្រៃ និងសូមនិយាយថា ទេចំពោះការជួញដូរសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងចូលរួមរាយការណ៍ប្រាប់សមត្ថកិច្ច ប្រសិនបើឃើញមានការបរបាញ់សត្វ ការដាក់អន្ទាក់ចាប់សត្វ និងចូលរួមបណ្តុះស្មារតីក្មេងៗជំនាន់ក្រោយស្រឡាញ់ធនធានធម្មជាតិ និងសត្វព្រៃដើម្បីផលប្រយោជន៍ សម្រាប់អភិវឌ្ឍទេសចរណ៍ធម្មជាតិ បង្កើនចំណូលប្រជាសហគមន៍មូលដ្ឋាន កាត់បន្ថយនិងលុបបំបាត់របរ ចូលព្រៃកាប់ឈើនិងបរបាញ់សត្វ ឬដាក់អន្ទាក់ចាប់សត្វដែលប្រជាពលរដ្ឋមួយចំនួនកំពុងប្រកបរបរដែលប្រឈមនឹងមុខច្បាប់នេះ៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២