ពិតជាមានការសោកស្តាយយ៉ាងខ្លាំង សត្វផ្សោតដ៏ធំ១ក្បាលបានស្លា.ប់ នៅតំបន់អភិរក្សសត្វផ្សោតកោះកូនសត្វ

ពិតជាមានការសោកស្តាយយ៉ាងខ្លាំង ដោយសត្វផ្សោតឈ្មោល ១ក្បាលបានស្លាប់នៅកន្លែង អភិរក្សសត្វផ្សោតកោះកូនសត្វ ឃុំកោះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ បើតាមការពិនិត្យ និងវាយតម្លៃដោយមន្ត្រី ជំនាញ នៃរដ្ឋបាលជលផល និងអង្គការ WWF បានឱ្យដឹងថា សត្វផ្សោតដែលស្លាប់នេះ មានលេខសម្គាល់០៥៦ ទម្ងន់១៦០គីឡូក្រាម ប្រវែង២,៣៨ម៉ែត្រ មានអាយុប្រមាណ២០ឆ្នាំ បានស្លាប់ដោយឧបករណ៍នេសាទ មង ដោយមានស្នាមរយះនៅផ្នែកពោះ ស្នាមជាប់មងនៅគល់កន្ទុយ និងព្រុយចំហៀង គឺនេះជាសត្វផ្សោតទី០១ ហើយ ដែលបានស្លាប់នៅក្នុងឆ្នាំ២០២៣ នេះ។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា សត្វផ្សោត១ក្បាលនេះ បានស្លាប់នៅវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ។ សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ទុកថា ជារតនៈសម្បត្តិធម្មជាតិមានជីវិត ដែលមានប្រមាណ៩០ក្បាល រស់នៅតាមបណ្ដោយដងទន្លេមេគង្គ នៃខេត្តក្រចេះ និងស្ទឹងត្រែង។ សត្វផ្សោតពេញវ័យអាចបន្តពូជបាន៖ មានអាយុចាប់ពី៧ឆ្នាំ ហើយមានកូនក្នុងរយះពេល២ឆ្នាំម្តង។

បច្ចុប្បន្ន សត្វផ្សោតរងការគំរាមកំហែង ដោយឧបករណ៍នេសាទ មង សន្ទូចរនង និងឧបករណ៍ឆក់។ ដូច្នេះទើបរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ៤៧អនក្រ.បក ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយកំណត់កន្លែងការពារ និងអភិរក្សសត្វផ្សោតប្រវែង១២០គីឡូម៉ែត្រ ចាប់ពីប៉ែកក្រោមស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រែង ខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ ក្នុងខេត្តក្រចេះ ដោយហាមឃាត់ការធ្វើនេសាទ ដែលប្រើឧបករណ៍ មង ស្ទូចរនង និងឧបករណ៍នេសាទខុសច្បាប់ផ្សេងទៀត។

ទន្ទឹមនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក៏បានសហការជាមួយរដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង ព្រមទាំងអង្គការដៃគូពាក់ព័ន្ធ បាន និងកំពុងបន្ត ពង្រឹងការការពារជាប្រចាំ នៅតំបន់ដែលសត្វផ្សោតរស់នៅ ក៏ដូចជាការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងតំបន់ អំពីតម្លៃជាសកលដែលមិនអាចកាត់ថ្លៃបាន នៃសត្វផ្សោតទន្លេមេគង្គនេះ ដើម្បីរួមចំណែកធានានិរន្តរភាពនៃសត្វ ផ្សោតទន្លេមេគង្គ និងធនធានជលផលក្នុងធម្មជាតិ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២