ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖  ក្រុមជ្រុលនិយមមួយចំនួនញុះញង់អុចអាលតាមគ្រប់រូបភាបង្កអស្ថិរភាព និងបរិយាកាសវឹកវរច្របូកច្របល់ ដែលអាចនឹងនាំប្រទេសជាតិធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមសាជាថ្មី

ភ្នំពេញ៖  ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា  ក្រុមជ្រុលនិយមមួយចំនួនដែលតែងតែភូតភរកុហកបោកប្រាស់ និងញុះញង់អុចអាលតាមគ្រប់រូបភាព សំដៅធ្វើយ៉ាងណាបង្កអស្ថិរភាព និងបរិយាកាសវឹកវរច្របូកច្របល់ ដែលអាចនឹងនាំប្រទេសជាតិធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមសាជាថ្មី ដើម្បីតែបម្រើផលប្រយោជន៍ និងមហិច្ឆិតានយោបាយរបស់បុគ្គល និងបក្ខពួកខ្លួន ដោយពុំគិតសោះឡើយអំពីភាពសុខសាន្តរបស់ជាតិ និងប្រជាជន។

ការបញ្ជាក់បែបនេះធ្វើឡើងក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរី ហៅវត្តជៀស ស្ថិតក្នុងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា  “គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខ រួមជាមួយនឹងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសមាជិក-សមាជិកាទូទាំងប្រទេស បានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឥតស្រាកស្រាន្តក្នុងបំណងប្រាថ្នាដើម្បីឱ្យប្រជាពលរដ្ឋមានជីវភាពធូរធាចម្រុងចម្រើន រួមជាមួយនឹងសិទ្ធសេរីភាព និងឱកាសពេញលេញ ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងសុភមង្គល”។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា  សកម្មភាពប្រកបដោយការប្តេជ្ញាចិត្តទាំងនេះ គឺជាសច្ចធម៌ដែលអាចត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈសមិទ្ធផលពិតជាក់ស្តែងជាច្រើននៅទូទាំងប្រទេស និងការទទួលបានជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងរយៈកាលជាច្រើនឆ្នំាកន្លងមកនេះ។  ដូច្នេះ សូមមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ គប្បីរួមគ្នាការពារស្នាដៃ សមិទ្ធផល និងកិត្យានុភាពរបស់គណបក្ស ក៏ដូចជាសុច្ចរិតភាព និងភាពស្មោះត្រង់របស់ថ្នាក់ដឹកនាំគណបក្ស ចំពោះការការចោទប្រកាន់ដោយគ្មានមូលដ្ឋានពីសំណាក់ក្រុមជ្រុលនិយមមួយចំនួនដែលតែងតែភូតភរកុហកបោកប្រាស់ និងញុះញង់អុចអាលតាមគ្រប់រូបភាព សំដៅធ្វើយ៉ាងណាបង្កអស្ថិរភាព និងបរិយាកាសវឹកវរច្របូកច្របល់ ដែលអាចនឹងនាំប្រទេសជាតិធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមសាជាថ្មី ដើម្បីតែបម្រើផលប្រយោជន៍ និងមហិច្ឆិតានយោបាយរបស់បុគ្គល និងបក្ខពួកខ្លួន ដោយពុំគិតសោះឡើយអំពីភាពសុខសាន្តរបស់ជាតិ និងប្រជាជន៕

   

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២